(តេហេរ៉ង់)៖ រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់លោក ម៉ូហាម៉េដ ហ្សាដាដ ហ្សារីហ្វ (Mohammad Javad Zarif) បានអង្អុលមុខ​សហរដ្ឋអាមេរិក​ចំៗថា ជាមេបង្កអស្ថេរភាពដល់សន្តិភាព​ពិភពលោក តាមរយៈការ​លក់អាវុធដ៏ច្រើនសន្ធឹក​សន្ធាប់​ ទៅកាន់តំបន់ជម្លោះ ជាពិសេសគឺ​តំបន់មជ្ឈិម​បូព៌ា។ នេះបើតាមការ​ចេញផ្សាយដោយ​ ទីភ្នាក់ងារ​ព័ត៌មាន​ចិនស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨។

លោក Zarif ធ្វើការកត់សម្គាល់​បែបនេះ​នៅលើ Twitter នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ។ លោក Zarif បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក​បាននិងកំពុង​បង្កអស្ថេរភាព​នៅទូទាំង​ពិភពលោក តាមរយៈការលក់អាវុធ ដើម្បីប្រមូល​លុយយកទៅ​ប្រើបា្រស់ សម្រាប់​អនាគតដ៏ភ្លឺ​ស្វាង... បើទោះជាខ្លួន​បរាជ័យក្នុងការ​ការពារអាយុជីវិត​ប្រជាជនខ្លួនឯង​ពីគ្រាប់កាំភ្លើង​ក៏ដោយ»

គួរជម្រាបថា លោក Zarif ក៏បានចោទប្រកាន់​ផងដែរថា សហរដ្ឋអាមេរិក កំពុងលក់អាវុធ​ទៅកាន់តំបន់​មជ្ឈិមបូព៌ា ក្នុងចេតនា​ចិញ្ចឹមជម្លោះ។ ការ​លើកឡើង​បែបនេះរបស់លោក​ទៀតសោត គឺជាប្រតិកម្មតប​ទៅនឹងរបាយការណ៍​របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាព​អន្តរជាតិ​ស្កុកហូម (Stockholm International Peace Research Institute) ដែលបានបង្ហាញថា សហរដ្ឋអាមេរិក​នាំមុខគេខាងលក់អាវុធ​នៅលើពិភពលោក ហើយ​ក្នុងនោះ ៤៩ភាគរយ នៃអាវុធត្រូវបាន​ទីក្រុងវ៉ាស៊ីនតោន លក់ឱ្យបណ្ដា​ប្រទេសក្នុង​តំបន់ម​ជ្ឈិមបូព៌ា៕