(អង់ការ៉ា)៖ ទីបំផុតការដាក់​ប្រទេសក្នុង​គ្រាអាសន្ន (State of Emergency) របស់ប្រទេស​តួកគី ដែលត្រូវបានដាក់​នៅក្រោយការ​ធ្វើ​រដ្ឋប្រហារបរាជ័យ​ កាលពីខែកក្កដា ឆ្នាំ២០១៦​នោះ បានឈានចូល​ដល់ទីបញ្ចប់ហើយ​​នាថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ។ នេះបើតាម​ការដកស្រង់ការ​​ផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។

ប្រធានាធិបតី​តួកគី លោក តាយយីព អឺដូហ្គាន់ (Recep Tayyip Erdogan) បានប្រកាសប្រើប្រាស់ច្បាប់ពេលគ្រាមានអាសន្ន (State of Emergency) នៅទូទាំង​ប្រទេស​​កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ពោលគឺនៅ ០៥ថ្ងៃ ក្រោយពីកង​យន្តហោះចម្បាំង បានទម្លាក់គ្រាប់បែក​​នៅលើរដ្ឋធានី​អង់ការ៉ា ហើយការប៉ះទង្គិច​គ្នាបាន​ផ្ទុះឡើងនៅក្នុង​ទីក្រុងអ៊ីស្តង់ប៊ុល ដោយហេតុការណ៍​ទាំងនោះ បានផ្តាច់ជីវិត​មនុស្សជា​ច្រើន​នាក់។

គួរជម្រាបថា ការបញ្ចប់ State of Emergency ត្រូវបានសន្យា​ដោយលោក Erdogan ផ្ទាល់​នៅក្នុងយុទ្ធនាការបោះឆ្នោត​របស់លោក នៅ​មុនជ័យជម្នះ​របស់ប្រធានាធិបតី​តួកគីរូបនេះ ក្នុងការបោះឆ្នោត​កាលពីខែមិថុនា ដែលក្រុមប្រឆាំងបានអះអាងថា ជាការបើកផ្លូវឲ្យលោក អឺដូហ្គាន់ រុកគួនអ្នកប្រឆាំង​រដ្ឋាភិបាលលោក​កាន់តែខ្លាំងក្លា​ជាងមុន​ទៀត៕