(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​បានបញ្ជាក់គោលជំហរដដែលៗថា ពុំមានការ​កំណត់ពេលវេលា សម្រាប់ការរំសាយ​អាវុធនុយក្លេអ៊ែរ​ទាំងស្រុង នៃ​ប្រទេស​កូរ៉េខាងជើងនោះ​ឡើយ។ នេះបើតាម​ការបញ្ជាក់ជាថ្មីទៀត ពីក្រសួង​ការបរទេសអាមេរិក ដកស្រង់ខ្លឹមសារ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។

ការបញ្ជាក់អះអាង​ម្តងទៀត​ដោយអ្នកនាំពាក្យ​ក្រសួងការបរទេសអាមេរិក លោកស្រី ហ៊ីធ ណើត (Heather Nauert) នេះគឺស្របទៅនឹងអ្វីដែល​​ប្រធា​នាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនា​ប៉ុន្មានថ្ងៃមុននេះ ទាក់ទិននឹងពេល​វេលាកំណត់ ព្រមទាំង​ល្បឿន នៃកិច្ចចរចា​​នុយ​​​ក្លេ​អ៊ែរ​របស់​​ទីក្រុងវ៉ាស៊ីនតោន​ ជាមួយទីក្រុង​ព្យុងយ៉ាង។

គួររំលឹកថា ការព្រមព្រៀង​រំសាយអាវុធនុយក្លេអ៊ែរនៅ​ឧបទ្វីបកូរ៉េ ត្រូវបានធ្វើឡើង​នៅក្នុងជំនួបកំពូលជា​ប្រវត្តិសាស្រ្ត​រវាងលោក ត្រាំ និងប្រមុខដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីពាក់​កណ្តាលខែមិថុនា​នៅឯប្រទេស​សិង្ហបុរី ហើយអ្វីដែលកំពុងចេញ​ជាផ្លែផ្កាមុនគេ​នោះ គឺការព្រមប្រគល់​អដ្ឋិធាតុទាហានអាមេរិក ដែល​កូរ៉េខាងជើង​ធ្វើឡើង​ជានាពេលឆាប់ៗ​នេះ៕