(តេហរ៉ង់)៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានទទួលសំណើចំនួន ០៨ ស្ដីពីការ​រៀបចំកិច្ចប្រជុំកំពូល​មួយពី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាម​លោក Mahmoud Vaezi ដកស្រង់ដោយ​ទីភ្នាក់ងារសារ​ព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨។

លោក ម៉ាហ៍មួដ វែស៊ី (Mahmoud Vaezi) ជាប្រធានបុគ្គលិក នៃវិមានប្រធានាធិបតី​អ៊ីរ៉ង់ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​នៅក្នុងស្រុក​ នៅថ្ងៃពុធ​សប្ដាហ៍នេះថា សំណើ​របស់លោក ដូណាល់​ ត្រាំ ត្រូវបានធ្វើឡើង​នៅអំឡុង ​នៃដំណើទស្សនកិច្ច​របស់លោក រូហានី ក្នុងទីក្រុង​ញូយ៉ក ដើម្បីចូលរួមកិច្ចប្រជុំ​នៃមហាសន្និបាត​អង្គការ​សហប្រជាជាតិ កាលពី​ខែកញ្ញា ឆ្នាំ២០១៧។ ប៉ុន្តែ​ព្រមពេល​ជាមួយគ្នា មន្ត្រីជាន់ខ្ពស់​អ៊ីរ៉ង់រូបនេះ​មិនបានបញ្ជាក់​លម្អិតពីចម្លើយតប​របស់លោក រូហានី នោះទេ។

គួររំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៣ លោក រូហានី និងអតីតប្រធានាធិបតី​​អាមេរិក លោក បារ៉ាក់ អូបាម៉ា ធ្លាប់បាន​ជជែកគ្នា​​តាមទូរស័ព្ទ នាឱកាសចូលរួម​កិច្ច​ប្រជុំប្រចាំឆ្នាំ​ នៃមហាសន្និបាត​​អង្គការសហប្រជាជាតិ​​លើកទី ៦៨ ហើយនេះគឺ​ជា​ការទាក់ទង​កំរិតខ្ពស់​បំផុត​មួយ​រវាងមេដឹកនាំ​ប្រទេស​​ទាំងពីរ ក្នុងរយៈពេល​ច្រើន​ជាងបី​​ទសវត្សរ៍៕