(អ៊ូឡានបាទ័រ)៖ ទឹកជំនន់យ៉ាងគំហុកបានវាយប្រហារប្រទេសម៉ុងហ្គោលី និងផ្តាច់​ជីវិតមនុស្សសរុប ៤៨នាក់ ស្ថិតនៅក្នុងខេត្តបាយ៉ានអ៊ុលហ្គីអ៊ិ (Bayan-Ulgii) ភាគខាងលិច ខណៈប្រជាជនប្រមាណជាង ២,៥០០នាក់ កំពុងរងផលប៉ះពាល់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។

ជុំវិញគ្រោះមហន្តរាយ​ធម្មជាតិខាងលើនេះ អនុប្រធានទីភ្នាក់ងារ​ចាត់ចែងពេល​គ្រា​មានអាសន្ន​របស់ជាតិ (NEMA) លោក ហ្គោបូចាវ អារៀនប៊ូយ៉ាន (Gombojav Ariunbuyan) បាន​បញ្ជាក់ថា មនុស្សសរុប​ប្រមាណ ៦០០នាក់ ត្រូវបាន​អាជ្ញាធរ​ជម្លៀស​ទៅស្នាក់នៅ​ក្នុងជម្រក​បណ្តោះអាសន្ន ដោយសារតែ​លំនៅឋាន​របស់ពួកគេ បានលិចលង់ក្នុងទឹក​អស់ទៅ​ហើយ។

គួរបញ្ជាក់ថា ប្រព័ន្ធសម្ពាធ​ទាបបានវាយប្រហារមក​លើដែនដីម៉ុងហ្គោលី តាំងតែពីដើម​ខែកក្កដាមកម្ល៉េះ ដោយវាបានបង្ក​ជាភ្លៀងធ្លាក់ខ្លាំង និងអាកាសធាតុ​អាក្រក់​នៅតាមតំបន់មួយ​ចំនួន ព្រមទាំងបានបង្កជាទឹកជំនន់។ ក្នុងចំណោម​មនុស្សស្លាប់ទាំង ៤៨នាក់នោះ គឺមាន​០៩នាក់ជាកុមារ៕