(ញូដេលី)៖ យន្តហោះចម្បាំង​មួយគ្រឿងប្រភេទ MiG-21 របស់កងទ័ពអាកាស​ឥណ្ឌា ត្រូវបានសារព័ត៌មាន​ក្នុងស្រុករាយការណ៍ថា បានធ្លាក់នៅក្នុង​រដ្ឋហ៊ីម៉ាចាល់​ប្រាដែស (Himachal Pradesh) ខណៈពីឡុតម្នាក់​កំពុងបាត់ខ្លួន​នៅឡើយ។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។

យោងតាមមន្ត្រីឥណ្ឌា ក្រុមសង្គ្រោះកំពុង​តាម​រក​អាកាសយានិកម្នាក់ ដែលបានបញ្ជា​យន្តហោះ​​ខាងលើនេះ ដោយលោកនៅតែ​កំពុងបាត់ខ្លួន​មិនដឹងថា ស្លាប់ ឬមួយក៏នៅរស់​នោះឡើយ។ យន្តហោះ MiG-21 បានធ្លាក់ និងផ្ទុះឆេះ​នៅលើវាលស្រែ នៃភូមិផាត់តាចាទៀន (Patta Jatian) នៃស្រុកកាន់ក្រា (Kangra) របស់រដ្ឋខាងលើ​កាលពីវេលាម៉ោង ១៖៣០នាទីរសៀល ម៉ោងនៅទីក្រុងញូដេលី។

គួរបញ្ជាក់ថា នេះជាមិនមែនជាលើកទី ១ នោះឡើយនៅក្នុងឆ្នាំ២០១៨នេះ ពាក់ព័ន្ធនឹងការធ្លាក់យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រយោធារបស់ប្រទេសឥណ្ឌា ខណៈមូលហេតុនៃការធ្លាក់យន្តហោះមួយគ្រឿងទៀត ពេលនេះ​កំពុងស្ថិតនៅក្នុង​ការស៊ើប​អង្កេត។ យន្តហោះ​ចម្បាំង​​ប្រភេទ MiG-21 នេះគឺជាផលិតផលរបស់​អតីត​សហភាពសូវៀត ដែលកងទ័ពអាកាស​ឥណ្ឌា​មានប្រើប្រាស់ចំនួន ៩០០គ្រឿង ក្នុងរយៈពេល ៤០ឆ្នាំមកនេះ ប៉ុន្តែជាច្រើនគ្រឿង​ទៅហើយបានធ្លាក់ខ្ទេចជាបណ្តើរៗ៕