(សេអ៊ូល)៖ ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េខាងត្បូង យ៉ុនហាប់ នៅថ្ងៃពុធនេះ​​បាន​រាយការណ៍​ថា មានការសង្ស័យ​កាន់តែច្រើនឡើង​ថា ចិនអាច​មានជាប់ពាក់ព័ន្ធ​នឹង​សកម្មភាព​ដឹក​ជញ្ជូន​ធ្យូងថ្មរបស់កូរ៉េខាងជើង​ដោយខុសច្បាប់ ពីរុស្ស៊ី​ទៅកាន់ប្រទេស​កូរ៉េខាងត្បូង កាលពីឆ្នាំ២០១៧។ នេះបើតាមព័ត៌មានដែលត្រូវបាន​ដកស្រង់នៅរសៀលថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។

យោងតាម​យ៉ុនហាប់ នាវាពីរគឿងចុះ​បញ្ជីនៅក្នុងប្រទេស​ប៉ាណាម៉ា និងសៀរ៉ា​ឡេអូន ត្រូវបានគេប្រើប្រាស់​ក្នុងការដឹកជញ្ជូន​ធ្យូងថ្មរបស់កូរ៉េខាងជើង ដែលជាប់​បម្រាមក្រោមទណ្ឌកម្ម​អង្គការ​សហប្រជាជាតិ កាលពីខែតុលា ឆ្នាំ២០១៧។
នាវាចុះបញ្ជីនៅ​ប្រទេសប៉ាណាម៉ា មាន​ឈ្មោះថា Sky Angel បានដឹកជញ្ជូន​ធ្យូងថ្មពី​ទីក្រុង ខូលមីក (Kholmsk) នៃប្រទេសរុស្ស៊ី​ឆ្ពោះទៅកាន់ទីក្រុង​កំពង់ផែ អ៊ីនឈ័ន (Incheon) ប្រទេសកូរ៉េខាងត្បូង ហើយនាវានេះ​គឺជាកម្មសិទ្ធិ​ក្រុមហ៊ុនចិន Dalian Sky Ocean International Shipping Agency មានមូលដ្ឋាន​ក្នុងស្រុក​ចុងសាន (Zhongshan) នៃទីក្រុងដាលៀន (Dalian) ខេត្តលាវនីង (Liaoning) ប្រទេសចិន។

ចំណែកឯ​នាវាមួយគ្រឿងទៀត ចុះបញ្ជី​ក្នុងប្រទេសសៀរ៉ា​ឡេអូន Rich Glory បានចូលទៅដល់​កំពង់ផែ Pohang របស់​កូរ៉េខាងត្បូង កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ដោយមានផ្ទុក​ទៅដោយធ្យូងថ្ម​កូរ៉េខាងជើង។ នាវានេះប្រតិបត្តិការ​ដោយក្រុម ហ៊ុនចិន Sanhe Marine មានមូលដ្ឋាន​ក្នុងទីក្រុង Dalian។

គួរបញ្ជាក់ថា បើតាមដំណោះស្រាយ​លេខក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិលេខ ២៣៧១ ដែលត្រូវបាន​អនុម័តកាលពី​ខែសីហា ឆ្នាំ២០១៧ ការនាំ​ចេញរ៉ែរបស់​កូរ៉េខាងជើង ក្នុងនោះរួមមាន​ធ្យូងថ្ម​ត្រូវបានចាត់ទុកថា ជាទង្វើខុសច្បាប់ និងត្រូវហាម​ឃាត់៕