(វ៉ាស៊ីនតោន)៖ យ៉ាងហោច​ណាស់​មនុស្ស ០៣នាក់ បានបាត់បង់ជីវិត​នៅក្នុងគ្រោះថ្នាក់​ដ៏កម្រកើត​មានឡើងមួយ នោះគឺយន្តហោះ​ខ្នាតតូចពីរគ្រឿង​ បានបុកគ្នានៅកណ្តាល​អាកាស​​តែម្តង ស្ថិតនៅក្នុងតំបន់អេវើក្លាដែស (Everglades) ភាគខាងត្បូង​ទីក្រុង ម៉ៃអាមី នៃ​រដ្ឋផ្លូរីដា​ សហរដ្ឋអាមេរិក។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ​​ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៨ ខែកក្កដា ឆ្នាំ២០១៨។

សម្រាប់មូលហេតុនៃការបុកគ្នាខាងលើនេះ គឺកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត ខណៈការព្រួយបារម្ភក៏កំពុងកើតមានឡើងផងដែរ នៅក្នុងតំបន់ដែលកើតហេតុ ព្រោះវាស្ថិតនៅក្បែរសាលាបង្រៀនហោះហើរ ហើយអាជ្ញាធរ​បានបញ្ជាឲ្យមាន​ការត្រួតពិនិត្យកម្រិតខ្ពស់​ឡើងវិញ ទៅលើប្រព័ន្ធសុវត្ថិភាពដែនអាកាស។

គួរបញ្ជាក់​តាមសម្តីរបស់មន្ត្រីជាន់​ខ្ពស់ប្រចាំតំបន់​ខាងលើនេះឲ្យដឹងថា យន្តហោះទាំងពីរ​គ្រឿងដែល​បានបុកគ្នា និងធ្លាក់បណ្តាល​ឲ្យមនុស្ស ០៣នាក់ បាត់បង់ជីវិតនោះ គឺជាកម្មសិទ្ធិ​របស់ សាលាបង្រៀន​ហោះហើរ​យន្តហោះអន្តរជាតិ​ឌីន (Dean International Flight School)។ ដោយឡែក​អត្តសញ្ញាណ​នៃជនរងគ្រោះ ក៏មិនទាន់​មានការ​បញ្ជាក់នោះ​ដែរ៕