(ហ្គាហ្សា)៖ ជម្លោះនៅតំបន់ហ្គាហ្សា​រវាងជនជាតិ​ប៉ាឡេស្ទីន និងកងកម្លាំង​ការពារ​ព្រំដែន​នៃប្រទេស​អ៊ីស្រាអែល ដែលបានផ្ទុះឡើង​យ៉ាងក្តៅគគុក គិតចាប់តាំងពី​ថ្ងៃទី៣០ ខែមីនា រហូតមកដល់ទល់​នឹងពាក់កណ្តាល​ខែកក្កដានេះ បានផ្តាច់ជីវិត​មនុស្សសរុប ១៤០នាក់ ខណៈជាង ១៦,០០០នាក់ ទៀតបានទទួល​រងរបួស។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នាល្ងាច​ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨។

របាយការណ៍​ដែលត្រូវបានចេញដោយ​ក្រសួងសុខាភិបាល នៃតំបន់ហ្គាហ្សា ដែលកំពុងគ្រប់គ្រង​ដោយក្រុម​ហាម៉ាស់-ប៉ាឡេស្ទីននេះ គឺកើតចេញពី​ការបូកសរុប​ចំនួនមនុស្ស​ស្លាប់ និងរងរបួស នៅក្នុងអំឡុង​នៃការតវ៉ាតាមព្រំដែន​ជាច្រើនលើក ក្នុងរយៈពេលពេល​ជាងបីខែមកនេះ។ មនុស្សស្លាប់​ភាគច្រើន គឺដោយសារ​តែការ​បង្ក្រាបតាម​រយៈការបាញ់ប្រហារ​ របស់ទាហាន​ការពារព្រំដែន​អ៊ីស្រាអែល។

គួរបញ្ជាក់ថា ការតវ៉ារៀងរាល់ថ្ងៃសុក្រ​របស់ក្រុមជនជាតិ​ប៉ាឡេស្ទីន នៅតំបន់​ហ្គាហ្សា​ខាងលើនេះ គឺត្រូវបានអ្នកដឹកនាំ​នៅហ្គាហ្សា​អះអាងថា ត្រូវបានរៀបចំ​ឡើងដោយ​​សន្តិវិធី ប៉ុន្តែដោយឡែកខាង​ឆ្មាំការពារព្រំដែនអ៊ីស្រាអែល​វិញ​បានអះអាង​ថា ក្រុម​ជនជាតិ​ប៉ាឡេស្ទីន​បាន​ធ្វើការវាយប្រហារ​ដោយដុំថ្ម និងវត្ថុរឹង​ជាច្រើនមកលើ​កងកម្លាំង​អ៊ីស្រាអែល ទើបពួកគេធ្វើការបាញ់​តបតវិញ ក្នុងន័យ​ការពារ​ខ្លួន៕