(ឥណ្ឌូណេស៊ី)៖ ប្រជាជនមួយភូមិ​ដែលពោរពេញ​ដោយភ្លើងកំហឹង បានកាប់​សម្លាប់សត្វក្រពើ​សរុបជិត ៣០០ក្បាល នៅ​ក្នុងប្រទេស​ឥណ្ឌូណេស៊ី ក្រោយពីបុរសម្នាក់ បានបាត់បង់ជីវិត​ដោយសារ​ចង្កូមមជ្ជរាជរបស់​ សត្វល្មូន​ស៊ីសាច់ជាអាហារ​មួយប្រភេទ​នេះ។ នេះបើ​តាមការដកស្រង់​ការផ្សាយចេញ​ពី សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។

ការសម្លាប់សត្វ​ក្រពើដើម្បីសងសឹង​ខាងលើ ត្រូវបានធ្វើឡើង​កាលពីថ្ងៃសៅរ៍​កន្លងទៅ នៅខេត្ត ប៉ាពួរ (Papue) បន្ទាប់ពីការរៀបចំបុណ្យសព​​របស់បុរសម្នាក់ ដែលបានទទួល​មរណភាព ក្រោយពីជន​រូបនោះ​បានធ្លាក់ទៅ​ក្នុងរោងចិញ្ចឹម​ក្រពើមួយកន្លែង​នៅពេល​កំពុង​​ដើររក​មើលស្មៅឲ្យ​សត្វគោរបស់​ខ្លួនស៊ី។ ជនរងគ្រោះដែល​មានវ័យ ៤៨ឆ្នាំ ត្រូវបានក្រពើ​ត្របាក់ចំជើង ហើយចុងក្រោយត្រូវ​វាត់នឹងកន្ទុយ​បណ្តាលឲ្យដាច់​ខ្យល់ស្លាប់​តែម្តង។

គួរជម្រាបថា បងប្អូនសាច់ញាតិ​របស់ជនរងគ្រោះ ព្រមទាំងអ្នកភូមិ​ជាមួយគ្នានា ដែលផ្ទុះការខឹងសម្បារជាខ្លាំង ចំពោះទីតាំង​នៃ​កសិដ្ឋាន​ចិញ្ចឹមសត្វក្រពើ នៅក្បែរលំនៅឋាន​ប្រជាជននោះ និងមានគ្នីគ្នាខ្ទង់​រយនាក់​បានសម្រុកទៅកាន់កន្លែង​ចិញ្ចឹមក្រពើ ដោយ​កាន់​​​កាំបិត​ ដាវ និងចបជាដើម​ហើយពួកគេ​ក៏បានប្រើប្រាស់​អាវុធទាំងនោះ កាប់សម្លាប់សត្វក្រពើសរុប ២៩២ក្បាល ក្នុងនោះមានតាំងពីកូន​ក្រពើប្រវែង ១០សង់​ទីម៉ែត្រ រហូតដល់ក្រពើជំទង់​ៗប្រវែង ០២ម៉ែត្រ។ ជុំវិញទង្វើនេះ ប៉ូលិសបានឲ្យដឹងថា ពួកគេកំពុង​បើកការ​ស៊ើបអង្កេត៕