​(ម៉ូស្គូ)៖ វិមានក្រឹមឡាំង​នៅថ្ងៃចន្ទនេះបានឱ្យដឹងថា អាជ្ញាធររុស្ស៊ីបាន​ទប់ស្កាត់ទាន់ពេល​វេលា​ ចំពោះការវាយប្រហារព័ត៌មានវិទ្យា​ជិត ២៥លានដង និងសកម្មភាព​ឧក្រិដ្ឋ​ដទៃទៀត ប្រឆាំងនឹង​ហេដ្ឋរចនាសម្ព័ន្ធ​ព័ត៌មាន​ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup​។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។

វិមាន​ក្រឹមឡាំង​ធ្វើការកត់សម្គាល់​បែបនេះ ដោយសំអាង​លើសម្រង់សម្ដី​របស់ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងកិច្ច ប្រជុំជាមួយ​ក្រុមប្រឹក្សាសន្តិសុខ​ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ តែប៉ុន្មានម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពីការប្រកួត​បាល់ទាត់​ពិភពលោក World Cup បានបិទបញ្ចប់​ដោយបារាំង​ក្លាយជាជើងឯក ក្រោយយកឈ្នះ​លើក្រុមជម្រើសជាតិ​ក្រូអាត ក្នុងលទ្ធផល ៤ ទល់នឹង ២៕​