(អ៊ីស្លាម៉ាបាដ)៖ ចំនួនមនុស្សស្លាប់​នៅក្នុងការបំផ្ទុះគ្រាប់បែក​អត្តឃាត ដែល​បានធ្វើ​​ឡើងនៅចំពេល​នៃការជួបជុំគ្នា​​យ៉ាងធំសម្បើម នៃក្រុមអ្នក​គាំទ្រ​​គណបក្ស​នយោបាយ​មួយ​​នៅក្រុង ម៉ាស្តាំង (Mastung) នៃខេត្ត បាឡូជីស្ថាន (Balochistan) ភាគនិរតី​ប្រទេស​ប៉ាគីស្ថាន​បានកើនដល់ ១៤៩នាក់ហើយ គិតត្រឹម​​ថ្ងៃអាទិត្យ​ម្សិលមិញ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Al Jazeera​ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។

ការវាយប្រហារ​ខាងលើ​មានគោលដៅ​ ចំពោះអ្នកនយោបាយ​ឈ្មោះ ណាវ៉ាបហ្សាដា ស៊ីរ៉ាច រ៉ៃសានី (Nawabzada Siraj Raisani)។ ភ្លាមៗក្រោយ​ការវាយ​ប្រហារលោក​ត្រូវបានបញ្ជូន​ទៅកាន់មន្ទីរពេទ្យ​នៃក្រុង ក្វេតតា (Quetta) ប៉ុន្តែបាន​បាត់បង់ជីវិត ដោយសារតែ​ស្ថានភាពរបួសធ្ងន់ធ្ងរ​ពេក។ ​សម្រាប់​​អ្នក​របួស​​ជាង ​១៨៩នាក់ទៀត ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ​នៃក្រុង ម៉ាស្តាំង (Mastung) និង Quetta ផងដែរ។

ទន្ទឹមនេះដែរ​ក្រុម​ភេរវករ ISIS បានចេញមុខ​អះអាងថា ការវាយប្រហារ​ខាងលើ ជាទង្វើរបស់ខ្លួន​ខណៈការកាន់ទុក្ខ​រយៈពេល ពីរថ្ងៃ​​នឹងត្រូវធ្វើ​ឡើងសម្រាប់​ជនរងគ្រោះ ក្នុងសោកនាដកម្ម​ដ៏អាក្រក់​នេះ។

គួរជម្រាបថា ការវាយប្រហារ​កាលពីថ្ងៃសុក្រ​សប្តាហ៍មុន គឺការវាយប្រហារ​អាក្រក់ជាងគេ​បំផុត នៅចំពោះមុខ​ការវាយប្រហារ​ភេរវកម្ម​ជា​បន្តបន្ទាប់ ដែលមានគោលដៅ​លើអ្នកនយោបាយ ដែលមានភាព​មមាញឹក​រៀបចំ​កិច្ចប្រជុំ និងការជួបជុំជាមួយ​អ្នកគាំទ្រ​នៅមុន​ការ​បោះ​ឆ្នោត ដែលគ្រោង​នឹងប្រព្រឹត្ត​ទៅនាថ្ងៃទី២៥ ខែកក្កដា​នេះ។ មិនតែ​ប៉ុណ្ណោះ ក្នុងរយៈពេល​ត្រឹម ០៦សប្ដាហ៍​មកនេះ ការវាយប្រហារចំនួន ១២០លើក បាន​​បន្សល់ទុក​មនុស្សសរុប​ប្រមាណ ១៥៨នាក់ស្លាប់ និងជាង ៦៧០នាក់​រងរបួស៕