(ចិន)៖ កសិករ និងក្រុមហ៊ុននាំចេញសណ្តែកសៀងរបស់អាមេរិក កំពុងរងផលប៉ះពាល់ ពីការយកពន្ធរបស់ចិន ដែលបានធ្វើឡើងជាការឆ្លើយតបទៅនឹង ការយកពន្ធរបស់អាមេរិក។

ពីរសប្តាហ៍មុន អាមេរិកបានកំណត់យកពន្ធនាំចូល២៥ភាគរយ ចំពោះផលិតផលចិន ដែលមានតម្លៃសរុប៣៤ពាន់លានដុល្លារអាមេរិក។ ជាការឆ្លើយតប ចិនក៏យកពន្ធនាំចូលក្នុងកម្រិតស្មើគ្នានេះ ចំពោះផលិតផលអាមេរិក ភ្លាមៗតែម្តង។

បើយោងតាមមជ្ឈមណ្ឌលជាតិព័ត៌មានគ្រាប់ធញ្ញជាតិ និងប្រេងចិន ការយកពន្ធនាំចូល២៥ភាគរយ ទៅលើសណ្តែកសៀងអាមេរិក នឹងបង្កើនថ្លៃនាំចូលសណ្តែកសៀងនេះ ប្រហែល១២០ដុល្លារក្នុង១តោន ពោលគឺថ្លៃជាង៤៥ដុល្លារ បើធៀបនឹងសណ្តែកសៀងប្រេស៊ីល។

លោក វ៉ាង លែវវ័យ អ្នកវិភាគជាន់ខ្ពស់នៅមជ្ឈមណ្ឌលជាតិព័ត៌មានគ្រាប់ធញ្ញជាតិ និងប្រេងចិន បានថ្លែងថា «វានឹងនាំឱ្យសណ្តែកសៀងអាមេរិក លែងមានប្រៀបក្នុងទីផ្សារប្រទេសចិនទៀតហើយ។ តាមពិតទៅ ក្រុមហ៊ុនចិន បានកាត់បន្ថយការនាំចូលសណ្តែកសៀងពីអាមេរិក តាំងពីខែមិថុនាមកម្ល៉េះ។ ទិន្នន័យរបស់យើងបង្ហាញថា ក្នុងអំឡុង៣សប្តាហ៍ មុនថ្ងៃទី២៨ ខែមិថុនា ចិនមិនមានការទិញសណ្តែកសៀងថ្មីពីអាមេរិកនោះទេ។ តែផ្ទុយទៅវិញ ចិនបានកាត់បន្ថយការនាំចូលរហូតដល់ទៅ៦១៥,០០០តោនឯណោះ»

នៅអាមេរិកកាលពីឆ្នាំមុន មានគេដាំសណ្តែកសៀងប្រហែល៣៦,២៤០,០០០ហិកតា…ជាចំនួនច្រើនបំផុតលំដាប់ទី២ ក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក ដោយគេរំពឹងថា នឹងទទួលបានទិន្នផលជាង១២១លានតោន។

ចិន គឺជាទីផ្សារនាំចេញសណ្តែកសៀងធំបំផុតរបស់អាមេរិក។ ក្នុងឆ្នាំ២០១៧ ចិនបានចំណាយប្រាក់អស់១៤ពាន់លានដុល្លារ ដើម្បីទិញសណ្តែកសៀងអាមេរិក ហើយជិត១ភាគ៣នៃសណ្តែកសៀងសរុបដែលផលិតនៅអាមេរិក គឺទុកសម្រាប់យកមកលក់ឱ្យចិន។

លោក ឆឹង គ័រឈាំង សាស្ត្រាចារ្យ សាកលវិទ្យាល័យសេដ្ឋកិច្ចនិងគ្រប់គ្រង តុងជឺ ថ្លែងថា «ក្នុងស្ថានភាពនេះ ការនាំចេញសណ្តែកសៀងរបស់អាមេរិក មកកាន់ប្រទេសចិន នឹងត្រូវចុះថយ។ នេះក៏ដោយសារតែគេពឹងផ្អែក ទៅលើទិន្នផលដែលបានមកពីតំបន់អាមេរិកខាងត្បូង និងតម្លៃសណ្តែកសៀង ដែលផ្អែកលើទីផ្សារអន្តរជាតិ»។

អ្នកជំនាញជនជាតិចិន និយាយថាចិនអាចដោះស្រាយការធ្លាក់ចុះនៃការនាំចូលសណ្តែកសៀងនេះបាន ហើយក្រសួងកសិកម្មចិន និងមន្ទីរពាក់ព័ន្ធ កំពុងស្វែងរកដំណោះស្រាយ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ចិន ទៅលើសណ្តែកសៀងដែលនាំចូល។

លោក វ៉ាង លែវវ័យ អ្នកវិភាគជាន់ខ្ពស់នៅមជ្ឈមណ្ឌលជាតិព័ត៌មានគ្រាប់ធញ្ញជាតិ និងប្រេងចិន បានថ្លែងថា «យើងអាចកាត់បន្ថយតម្រូវការសណ្តែកសៀងបាន ដោយកែតម្រូវចំនួនសណ្តែកសៀងសម្រាប់ចិញ្ចឹមសត្វ។ តាមរយៈការកែតម្រូវការផ្គត់ផ្គង់ និងបរិមាណ យើងអាចធានាបានថា នឹងមានតុល្យភាពនៅក្នុងទីផ្សារ។ យើងជឿជាក់ថា ក្នុងអំឡុងពេល១ឆ្នាំទៅ២ឆ្នាំខាងមុខ យើងអាចបំពេញចន្លោះប្រហោងនេះ ដែលកើតចេញពីអវត្តមាននៃសណ្តែកសៀងអាមេរិក»

អ្នកជំនាញនិយាយថា ចិនរួមចំណែក៨៥ភាគរយ ក្នុងកំណើនពាណិជ្ជកម្មសណ្តែកសៀងក្នុងពិភពលោក អស់រយៈពេលជាង២០ឆ្នាំមកហើយ។ ហើយប្រទេសកាន់តែច្រើន នឹងទទួលបានផលប្រយោជន៍ ពីការដែលចិនត្រូវការសណ្តែកសៀងបន្ថែម។

លោក លី គ័រសៀង អ្នកស្រាវជ្រាវ បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន បានថ្លែងថា «ដោយថ្លៃចំណាយ ថ្លៃធានារ៉ាប់រង និងថ្លៃដឹកជញ្ជូនសណ្តែកសៀងអាមេរិកកើនឡើង ក្រោយពីមានការយកពន្ធនាំចូលបន្ថែមនេះ យើងនឹងបង្កើតការនាំចូលសណ្តែកសៀងពីតំបន់អាស៊ី និងបណ្តាប្រទេសផ្សេងទៀតវិញ។ ហើយវានឹងជំរុញឱ្យប្រទេសទាំងនេះ បង្កើនការដាំសណ្តែកសៀងរបស់ពួកគេ ជាមិនខាន»៕ (សារព័ត៌មាន CCTV របស់ចិន)