(វ៉ាស៊ីនតោន)៖ ប៉ូលិសអាមេរិក​ក្នុងទីក្រុង ឈីកាហ្គោ (Chicago) បាន​ប៉ះទង្គិច​​ដោយ​ហិង្សា​ជាមួយក្រុម​បាតុករ បន្ទាប់ពីប៉ូលិស​ម្នាក់បាន​បាញ់​សម្លាប់បុរសស្បែកខ្មៅម្នាក់​ដែលសង្ស័យថា អាចនឹងបង្កគ្រោះថ្នាក់​ជាមួយកាំភ្លើង​នៅក្នុងដៃ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។

ការប៉ះទង្គិចគ្នា​ដោយហិង្សា​រវាងប៉ូលិស និងក្រុមបាតុករ​មានគ្នាប្រហែល​ជា ១៥០នាក់ បានកើតឡើង​នៅក្នុង​តំបន់ សោតស៍ ស័រ (South Shore) នៃទីក្រុង​ Chicago ក្រោយក្រុមបាតុករ​ខ្លះបានគប់​របស់របរ និងឡើងជាន់​រថយន្ដ​ប៉ូលិស អមជាមួយការ​ស្រែកខ្លាំងៗ​ឡើងថា «ឃាតកៗ»។ ដោយឡែក​ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងតំបន់​ក៏បានឱ្យដឹងដែរថា នៅក្នុងការប៉ះ​ទង្គិចគ្នា​នេះ ប៉ូលិសបីនាក់​រងរបួស​ស្រាល និងបាតុករបួន​នាក់ត្រូវបាន​ចាប់ខ្លួន ហើយក្រុមបាតុករ​ទាំងអស់​ត្រូវបានបំបែក​នៅ ២២៖៣០នាទី (ម៉ោងនៅ​ក្នុងតំបន់) កាលពីថ្ងៃសៅរ៍។

គួរបញ្ជាក់ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ ហារិត អូហ្គូសទូស (Harith Augustus​) អាយុ ៣៧ឆ្នាំ ត្រូវបានប៉ូលិស​ក្នុងទីក្រុង Chicago បាញ់សម្លាប់​កាលពី​ថ្ងៃសៅរ៍សប្តាហ៍​មុន​ដោយសង្ស័យ​ថា រូបគេអាចនឹងបង្ក​ការបាញ់ប្រហារជាមួយ​កាំភ្លើងនៅ​ក្នុងដៃ។ ប៉ុន្តែសាក្សីខ្លះ​បានអះអាងថា បុរសរូបនេះ​គ្មានកំហុសអ្វី​ទាំងអស់ ហើយនេះក៏មិនមែន​ជាលើកទីមួយដែរ ដែលប៉ូលិស​អាមេរិក​ត្រូវបានគេ​ចោទប្រកាន់ថា មានភាព​រើសអើង​លើជនជាតិ​ស្បែក​ខ្មៅ៕