(​ហែលស៊ីនគី)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានហៅ​ប្រទេសរុស្ស៊ី សហភាពអឺរ៉ុប និងចិន​ថា «ជាសត្រូវ» នៅមុនពេលលោកហោះ​ទៅកាន់​ទីក្រុង ហែលស៊ីនគី (Helsinki) ប្រទេស​ហ្វាំងឡង់ ដើម្បីចូលរួមក្នុង​ជំនួបកំពូលមួយ​ទល់នឹងមួយ​ ជាមួយប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន នៅ​ថ្ងៃចន្ទសប្តាហ៍នេះ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ បានជិះយន្ដហោះ​ចាកចេញពីប្រទេស​ស្កុតឡែន​កាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោក​បានហៅថា រុស្ស៊ី សហភាព អឺរ៉ុប និងចិនថា​ជាសត្រូវ​នៅក្នុង​បទ​​សម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍​អាមេរិក CBS​។ នា​ឱកាសនោះ លោក ត្រាំបានលើក​ឡើងដូច្នេះថា «បច្ចុប្បន្ន​អ្នកមិនអាចគិត​ពីសហភាពអឺរ៉ុប​ឡើយ ប៉ុន្តែពួកគេ​គឺសត្រូវ (សេដ្ឋកិច្ច)។ រុស្ស៊ីគឺសត្រូវ​ដែលមានពេល​ខ្លះត្រូវគោរព រីឯចិន​គឺជាសត្រូវ​សេដ្ឋកិច្ច។ ពិតណាស់ពួកគេ​គឺជាសត្រូវ ប៉ុន្តែនេះមិនមែន​មានន័យថា ពួកគេអាក្រក់​នោះទេ... វាគឺ​មានន័យថា ពួកគេគឺ​ជាគូ​ប្រជែង»

គួរជម្រាបថា លោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន នឹងត្រូវជួបគ្នា​ក្នុងទីក្រុង Helsinki នៅថ្ងៃចន្ទនេះ ហើយគេ​ក៏រំពឹង​ដែរថា ជំនួបកំពូលនេះ​អាចនឹងផ្ដល់ឱកាស​ឱ្យមេដឹកនាំ​មហាអំណាចយោធាកំពូលផ្តាច់គេលើលោកទាំងពីរ ស្វែងរកវិធានការ​បន្ធូរបន្ថយការ​ប្រឈមុខមុខដាក់គ្នា​លើសំណុំរឿង​ជាច្រើន ក្នុងនោះរួមមានវិបត្តិ​នៅស៊ីរី អ៊ីរ៉ង់ ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ និងបញ្ហាភាគខាងកើត​អ៊ុយក្រែន ដែលសហភាព​អឺរ៉ុបកំពុងតាមដានមិនព្រិច​ភ្នែក ជុំវិញជំនួបរវាង​មេដឹកនាំ​ទាំងពីរនេះ៕