(អាមេរិក)៖ បណ្តាញ​សង្គមយក្ស Twitter ដែលមេដឹកនាំ​កំពូលៗ និងអ្នកនយោបាយ​ល្បីៗនៃ​ប្រទេសជាច្រើនចូលចិត្ត​ប្រើប្រាស់ ដើម្បីធ្វើទំនាក់ទំនងជា​មួយមហាជន​ទូទៅនោះ ពេលនេះបានប្រកាសថា គណនីចំនួនពីរដែលមានជាប់ពាក់ព័ន្ធនឹងមន្ត្រីរុស្ស៊ី​សរុប​ចំនួន ១២រូប ត្រូវបានក្រុមការងារ​របស់ Twitter Inc សម្រេចផ្អាកការ​ប្រើប្រាស់ជាបណ្តោះ​អាសន្ន។ នេះបើតាម​ការចេញផ្សាយ​ដោយ Channel News Asia នាព្រឹក​ថ្ងៃអាទិត្យ ទី១៥ ខែកក្កដា ឆ្នាំ២០១៨។

ការបិទគណនី​ចំនួន ០២ ជាបណ្តោះអាសន្ន​ខាងលើនេះ ត្រូវបានធ្វើឡើង​តែប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពីការចោទប្រកាន់​ត្រូវបានធ្វើឡើង​ជាផ្លូវការ ដោយរដ្ឋ​អាជ្ញា​ពិសេស លោក រ៉ូបឺត មូលើ (Robert Mueller) ជាអតីត​​នាយក​ស្ថាប័ន FBI និងបច្ចុប្បន្ន​​ជាអ្នកដឹកនាំការ​ស៊ើបអង្កេត​ទៅលើរឿងអាស្រូវ​ដែលចោទថា រដ្ឋាភិបាល​​រុស្ស៊ី​បានលូកដៃ​ចូលក្នុងកិច្ចការ​បោះឆ្នោត​​អាមេរិក​​ កាលពី​​ខែវិច្ឆិកា ឆ្នាំ២០១៦ និងទៅ​លើ​រឿងថា តើមានសមាជិក​ណាមួយ​ នៃក្រុមយុទ្ធនាការ​​បោះឆ្នោត​របស់​លោក ដូណាល់ ត្រាំ មាន​ឃុបឃិត​​ជាមួយទីក្រុង​​ម៉ូស្គូដែរ ឬអត់។

គួរបញ្ជាក់ថា មន្ត្រីរុស្ស៊ីទាំង ១២រូប ដែលបានទទួលរងការចោទប្រកាន់ពីសំណាក់​ក្រុមរដ្ឋអាជ្ញាពិសេសអាមេរិកនោះ គឺត្រូវបានគេដឹងថា ជាមន្ត្រីបម្រើការងារផ្នែក​ស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី។ ជុំវិញបញ្ហានេះដែរ ខាងមន្ត្រីបក្សប្រជាធិបតេយ្យ​របស់អាមេរិក បានអំពាវនាវឲ្យលោក ដូណាល់ ត្រាំ លុបចោលជំនួបជាមួយលោក ពូទីន ដែលគ្រោងធ្វើឡើងនាសប្តាហ៍ក្រោយនេះជាបន្ទាន់ ប៉ុន្តែខាងសេតវិមានបានច្រាន​ចោលការអំពាវនាវនេះរួចទៅហើយ៕