(កូឡាឡាំពួរ)៖​ ទីបំផុតខ្លាកំណាចប្រចាំទ្វីបអាស៊ី​ Manny Pacquiao ដណ្តើមបានខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក​ WBA Welterweight Championship ក្រោយផ្តួលកីឡាករអាហ្សង់ទីន​ Lucas Matthysse អោយបោះបង់ការប្រកួតពាក់កណ្តាលផ្លូវត្រឹមទឹកទី៧​ ប៉ុណ្ណោះ

ការប្រកួតដែលបានធ្វើឡើងនៅទឹកដីកណ្តាលនៅសង្វៀន​ Axiata Arena ស្ថិតក្នុងទីក្រុងកូឡាឡាំពួរ​ នៃបហរទេសម៉ាឡេស៊ី​ នាព្រឹកថ្ងៃអាទិត្យ​ ទី១៥​ ខែកក្កដា​ ឆ្នាំ២០១៨។

គ្រាន់តែចាប់ផ្តើមការប្រកួតភ្លាម​ កីឡាករហ្វីលីពីន​ វ័យ៣៩ឆ្នាំ​ បានបើកការវាយសម្រុកទៅលើម្ចាស់ខ្សែក្រវាត់​ Matthysse យ៉ាងសន្ធាប់​ តែក៏ត្រូវបានកីឡាករប្អូន៤ឆ្នាំវាយសងវិញផងដែរ​ មុនពេលត្រូវ១ដៃស្តាំរបស់​ Pac Man នៅដើមទឹកទី២។

យ៉ាងណាមិញ​ ការសម្រុកច្រើនរបស់​ Pacquiao មិនអត់ប្រយោជន៍ឡើយ​ ពោលគឺបានវាយគូប្រជែងអោយអុកគូថនៅវគ្គទី៣​ និងលុតជង្គង់២ដងក្នុងទឹកទី៥​ និងទឹកទី៧​ រហូតធ្វើអោយ​ Matthysse បោះបង់ការប្រកួតចុងទឹកតែម្តង​ ជាងពាក់កណ្តាលផ្លូវក្នុងការប្រកួត​ ១២ទឹក​ (៣នាទី​ ក្នុង១ទឹក)។

នេះជាជ័យជម្នះលើកទី៦០​ ពីប្រវត្តិប្រកួតបាន៦៩ដង ក្រៅពីចាញ់៧ដង​ និងស្មើ២ដង​ ជាមួយនឹងការផ្តួលដៃគូអោយសន្លប់បាន​ ៣៩ដង​ និងជាការផ្តល់ការចាញ់លើកទី​៥​ សម្រាប់​ Lucas Matthysse ក្រៅពីឈ្នះ៣៩ដង​ មិនដែលស្មើ​ ពីការឡើងវាយសរុបបាន​ ៤៥ដង​ មាន១ដងទុកជាមោឃ:។

ការឈ្នះនេះ​ Manny Pacquiao ទទួលបានខ្សែក្រវាត់​ WBA មួយ​ រួមទាំងទឹកប្រាក់​ ២លានដុល្លារ​ ខណ:​ Lucas Matthysse បាត់បង់ខ្សែដែលទើបគ្រប់គ្រងបាន៦ខែ​ ទទួលបាន​ ៥០ម៉ឺនដុល្លារផងដែរ៕