(ម៉ូស្គូ)៖​ ក្រុមបាល់ទាត់ក្រឡាអុកក្រូអាត បានកក់កៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រដោយត្រូវប៉ះមាន់គកបារាំង​ ក្រោយយកឈ្នះអង់គ្លេស​ ២-១​ ក្នុងនាទីបន្ថែម១៥នាទី២ដង​ បន្ទាប់ប្រកួតពេញម៉ោង​ស្មើគ្នា ១-១​ នៃព្រឹត្តិការណ៍​ FIFA World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះ។

កីឡាករខ្សែប្រយុទ្ធ​ Mario Manzukic ជាអ្នករកគ្រាប់ជ័យជម្នះអោយក្រូអាតនៅនាទីទី១១៨​ ក្នុងម៉ោងថែម១៥នាទីលើកទី២ ក្រោយពេលមិត្តរួមក្រុម​ Ivan Perisic រកគ្រាប់តាមស្មើនៅនាទីទី៦៨​ បន្ទាប់ពីអង់គ្លេសបានបើកការនាំមុខតាំងពីនាទីទី៥​ មក​ម៉្លេះដោយបាល់ពិន័យហ្រ្វីឃីកទាត់ដោយកីឡាករពាក់លេខ១២​ Kieran Trippier។

ក្រូអាត​ ត្រូវឡើងទៅប៉ះបារាំងនៅវគ្គផ្តាច់ព្រ័ត្រដែលបានទម្លាក់ប៊ែលហ្ស៊ិក​ ១-០​ ដែលនឹងធ្វើឡើងនៅរាត្រីម៉ោង​ ១០យប់ថ្ងៃអាទិត្យ​ ទី១៥​ ខែកក្កដា​ ដើម្បីប្រជែងយកពានរង្វាន់​ World Cup 2018 លើកទី២១។

អង់គ្លេស​ ក៏ត្រូវប៉ះប៊ែលហ្ស៊ិក​ ក្នុងការប្រជែងយកចំណាត់ថ្នាក់លេខ៣​ ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍​ ទី១៤​ ខែកក្កដា​ ឆ្នាំ២០១៨​ នាម៉ោង​៩យប់​ (ម៉ោងនៅកម្ពុជា)៕