(ពិភពលោក)៖ នៅថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ក្រសួងសេដ្ឋកិច្ចចិន​បានអះអាងថា ខ្លួនមានការ​តក់ស្លុតនៅពេល​ដែល​បានទទួល​ដំណឹងពីការគ្រោង​តម្លើងពន្ធលើទំនិញចិន ក្នុងតម្លៃ ២០០ពាន់លាន​ដុល្លារ​បន្ថែមទៀត ពីសំណាក់​សហរដ្ឋអាមេរិក ប៉ុន្តែចិនសូម​ព្រមានតប​វិញថា នឹងសងសឹក​ប្រសិនបើអាមេរិក​ហ៊ានអនុវត្តន៍ ដូចអ្វីដែលខ្លួន​បានអះអាង​មែននោះ៕

២៖ ក្រុមហ៊ុន​ផលិតយន្តដ៏ធំនៅអាមេរិក «Tesla» នឹងបើករោងចក្រ​ទីមួយរបស់ខ្លួន​នៅឯក្រៅប្រទេស នៅក្នុងទីក្រុង​សៀងហៃ របស់​ប្រទេសចិនជាលើកដំបូង នៅចំពោះមុខសង្រ្គាមពាណិជ្ជកម្ម ដែលបានផ្ទុះឡើង​ជាផ្លូវការរវាងទីក្រុង​វ៉ាស៊ីនតោន និងទីក្រុង​ប៉េកាំង៕

៣៖ ចំនួនមនុស្សស្លាប់​ក្នុងការវាយប្រហារដោយផ្ទុះគ្រាប់ ទៅលើកន្លែងជួបជុំ​អ្នកគាំទ្រនយោបាយ​មួយកន្លែង ទៅទីក្រុង ប៉េសាវ៉ា (Peshawar) ភាគពាយ័ព្យ​​ប្រទេស​ប៉ាគីស្ថាន​កាលពីយប់​ម្សិលមិញ បានកើនឡើងដល់ ២០នាក់ហើយ៕

៤៖ អាជ្ញាធរថៃ​បានអះអាងថា បានរកឃើញសាកសព​ម្នាក់ទៀតហើយ ដែលត្រូវបានគេ​ជឿជាក់ថា ជាសាកសពអ្នកបាត់​ខ្លួនចុងក្រោយ ក្នុងករណីលិចទូក​ដឹកអ្នកទេសចរ​ជនជាតិចិនចំនួនពីរគ្រឿង នៅដែនសមុទ្រកោះ​ភូកេតប្រទេសថៃ កាលពី​សប្តាហ៍មុន និងបាននាំឲ្យចំនួន​មនុស្សស្លាប់សរុប​កើនដល់ ៤៦នាក់៕

៥៖ អាជ្ញាធជប៉ុន​បានអះអាង​នៅថ្ងៃពុធនេះថា ចំនួនមនុស្ស​​ស្លាប់ដោយសារ​បំណាក់ដី និងគ្រោះ​ទឹកជំនន់ ដែលបង្កឡើង​ដោយភ្លៀងធ្លាក់​​យ៉ាងគំហុក នៅតាមតំបន់​ភាគខាងលិច​ប្រទេសជប៉ុន​បានកើនដល់ ១៧៩នាក់ហើយ រីឯមនុស្ស​បាត់​ខ្លួន ៥៦​នាក់ ទៀតត្រូវបាន​គេជឿជាក់​ថា ជាប់ក្រោម​ល្បាប់ភក់ និងគំនរអគារ-លំនៅឋាន ដែលបាក់បែក៕

៦៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ទៅ​លើកិច្ចព្រមព្រៀង​វិស័យថាមពល រវាង​ទីក្រុងប៊ែរឡាំង និង​​ទីក្រុងម៉ូស្គូ ហើយបាន​លើកឡើងថា រុស្ស៊ី​កំពុងគ្រប់គ្រង​អាល្លឺម៉ង់ តាមរយៈ​ធនធាន​ថាមពល​របស់ខ្លួន៕