(ភូកេត)៖ អាជ្ញាធរថៃ​បានអះអាងថា បានរកឃើញសាកសព​ម្នាក់ទៀតហើយ ដែលត្រូវបានគេ​ជឿជាក់ថា ជាសាកសពអ្នកបាត់​ខ្លួនចុងក្រោយ ក្នុងករណីលិចទូក​ដឹកអ្នកទេសចរ​ជនជាតិចិនចំនួនពីរគ្រឿង នៅដែនសមុទ្រកោះ​ភូកេតប្រទេសថៃ កាលពី​សប្តាហ៍មុន និងបាននាំឲ្យចំនួន​មនុស្សស្លាប់សរុប​កើនដល់ ៤៦នាក់។ នេះ​បើតាម​ការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាច​ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។

ប្រតិបត្តិការរុករក​ប៉ុន្មានថ្ងៃមកនេះ ត្រូវបានធ្វើឡើង​ដោយមានកិច្ចសហប្រតិបត្តិការ​រួមគ្នា​រវាងក្រុមសង្គ្រោះ​មកពីថៃ និងក្រុមសង្គ្រោះថៃ​កាត់ចិន ដែលមាន​ឈ្មោះថា Blue Sea។ សាកសព​ចុងក្រោយ ដែលធ្វើឲ្យចំនួនមនុស្ស​ស្លាប់កើនឡើង​ដល់ ៤៦នាក់នោះ គឺត្រូវបាន​ក្រុមអ្នកមុជទឹក​ជំនាញ រកឃើញនៅក្រោម​ផ្ទៃទឹកតែម្តង។

គួរបញ្ជាក់ថា សម្រាប់​សាកសព ៤៥នាក់ ដែលត្រូវបានរកឃើញ​កាលពីមុន គឺនៅក្នុង​នោះសាកសព ០៥នាក់ ត្រូវបានយក​ទៅបូជា និង ០២នាក់ទៀត​ត្រូវ​បានដឹកទៅកាន់​ប្រទេសចិនវិញ ទៅតាមសំណូមពរ​របស់ក្រុម​គ្រួសារសព។ ដោយឡែក​នៅសល់​សាកសពទាំង​ប៉ុន្មានទៀត គឺរង់ចាំការសម្រេច​ពីក្រុមគ្រួសារសព។

បន្ថែមពី​ខាងលើនេះ មូលហេតុដែលបាន​បង្កគ្រោះថ្នាក់ដ៏អកុសល្យ​ខាងលើ គឺពុំទាន់​ត្រូវបានបញ្ជាក់​នោះឡើយ ព្រោះវាស្ថិតនៅក្នុងការ​ស៊ើបអង្កេតនៅឡើយ ប៉ុន្តែទូក​ដឹកទេសចរ​ចិនទាំងពីរគ្រឿងនេះ ត្រូវបាន​គេដឹងថា បានចាកចេញ​ពីកំពង់ផែទាំងយប់ ពេល​មានភ្លៀង និងព្យុះខ្លាំង ខណៈអ្នកបញ្ជាការ​ទូកបានហាមឃាត់​ហើយ តែពួកគេ​នៅតែរឹងទទឹង​ក្នុងការចេញ​ដំណើរទាំងស្ថានភាពនោះទៀត៕