(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​បានដុតភ្នក់ភ្លើង​សង្រ្គាមពាណិជ្ជកម្ម​របស់ខ្លួនជា​មួយចិន ឲ្យកាន់តែកញ្ជ្រោលឡើង តាមរយៈការប្រកាសពីគំរោងតម្លើងពន្ធបន្ថែម លើផលិតផល​នាំចូលពីចិន​ ដែលមានទំហំទឹក​ប្រាក់ជាង ២០០ពាន់លានដុល្លារ យ៉ាងយូរ​នៅត្រឹមខែកញ្ញា​ខាងមុខ​នេះ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨។

ការប្រកាស​ពីគំរោងតម្លើង​ពន្ធនេះ កើតមានឡើងតែ​ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមហាយក្ស​សេដ្ឋកិច្ចទាំងពីរ​តម្លើងពន្ធ ៣៤ពាន់លានដុល្លារ​ ដាក់គ្នា​ទៅវិញទៅមក និងក្រោយ​ពីប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា នឹងតម្លើងពន្ធ​បន្ថែម​ប្រឆាំង​នឹងចិន បើសិនជា​ទីក្រុងប៉េកាំង​ចាត់វិធាន​ការសងសឹក។

គួរបញ្ជាក់ថា បើតាម​សេតវិមាន​ការតម្លើងពន្ធ ២០០ពាន់លានដុល្លារនេះ គឺជាការឆ្លើយតប​ទៅនឹងការធ្វើ​ការពាណិជ្ជកម្ម​មិនស្មើ​ភាពរបស់ចិន ហើយវានឹង​ត្រូវអនុវត្តន៍​លើផលិតនាំចូលពីចិន​ច្រើនជាង ៦,០០០មុខ ក្នុងនោះរួមមាន​ផលិតផល ចំណី​អាហារ រ៉ែ និងរបស់របរ​ប្រើប្រាស់ដូចជាកាបូប​យួរដៃ​ជាច្រើន។ ចំណែកឯ បណ្ដាក្រុមហ៊ុន​នៅក្នុងសហរដ្ឋអាមេរិក​ នឹងមានពេល​រហូតដល់​ខែសីហា ដើម្បីតវ៉ាមុននឹង​ការតម្លើងពន្ធនេះ​ចូលជា​ធរមាន៕