(ម៉ូស្គូ)៖ វគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្ស៊ី បន្ទាប់ពី បញ្ចប់ការប្រកួតរវាងស៊ុយអែត ប៉ះអង់គ្លេស នាម៉ោង ៩យប់ថ្ងៃសៅរ៍ ទី០៧ ខែកក្កដា មុនពេលក្រូអាត ជួបម្ចាស់ផ្ទះរុស្ស៊ី នៅម៉ោង១យប់រំលងអាធ្រាត្រ។

ស៊ុយអែត ជាក្រុមលេខ១ ចេញពីពូល F ដោយលេងប្រកួតសន្សំពិន្ទុក្នុងពូល ឈ្នះ២ដង និងចាញ់១ដង ហើយក៏ជាក្រុមដែលទើបទម្លាក់គូប្រជែងនៅទ្វីបអឺរ៉ុបដូចគ្នា ស្វីស ក្នុងវគ្គ១៦ក្រុមផងដែរ ជាមួយនឹងលទ្ធផល ១-០ ស្របពេលតោកំណាចអង់គ្លេស ជាក្រុមលេខ២ ចេញពីពូល G ដោយលេង៣ប្រកួតក្នុងពូល ឈ្នះ២ដង និងចាញ់១ដង ដូចគ្នា ហើយក៏ជាក្រុមដែលបានទម្លាក់កូឡុំប៊ី ចេញពី World Cup 2018 ក្នុងវគ្គ១៦ក្រុម ដោយបាល់ប៉េណាល់ទីកាត់ សេចក្តី ៤-៣ ផងដែរ បន្ទាប់ពីប្រកួតពេញម៉ោង ៩០នាទី និងថែម ១៥នាទី ២ដង ស្មើគ្នា ១-១។

សម្រាប់១ប្រកួតទៀតដែលចាប់ផ្តើមនៅម៉ោង ១យប់រំលងអាធ្រាត្រចុងក្រោយនៃវគ្គ ៨ក្រុមនោះ គឺជាការជួបគ្នារវាង ក្រុមនៅអឺរ៉ុបដូចគ្នា ក្រូអាត ប៉ះម្ចាស់ផ្ទះរុស្ស៊ី ខណៈក្រុមក្រឡាអុកក្រូអាត ទើបតែបានទម្លាក់ដាណឺម៉ាក ៣-២ ដោយបាល់ប៉េណាល់ទី ១១ម៉ែត្រកាត់សេចក្តី ក្រោយស្មើគ្នា ១-១ ទាំងការប្រកួតពេញម៉ោង និងម៉ោងថែម ស្របពេល រុស្ស៊ីបានទម្លាក់អតីតម្ចាស់ជើងឯក World Cup 2010 ដ៏គួរឲ្យភ្ញាក់ផ្អើល ដោយបាល់ប៉េណាល់ទីកាត់សេចក្តីដូចគ្នា គឺលទ្ធផល ៤-៣ ក្រោយស្មើគ្នា ១-១ ទាំងម៉ោងធម្មតា និងថែម ១៥នាទី ២ដង៕