(ចិន)៖ ការប្រកួតបាល់ទាត់ពិភពលោក (World Cup) ដែលកំពុងរៀបចំឡើងនៅប្រទេសរុស្ស៊ី បានជំរុញការលក់ទូរទស្សន៍ នៅក្នុងប្រទេសចិន ហើយស៊េរីទូរទស្សន៍អេក្រង់ធំៗកំពុង មានគេត្រូវការច្រើនបំផុត។ នេះបើយោងតាមអ្នកសង្កេត ផ្នែកឧស្សាហកម្មបច្ចេកវិទ្យា។

លោក ចូវ វឹនឡុង អ្នកស្រុកមកពីទីក្រុងប៉េកាំង និងជាអ្នកគាំទ្របាល់ទាត់យ៉ាងសកម្មមួយរូប បានសម្រេចចិត្តដូរស៊េរីទូរទស្សន៍ មកប្រើទូរទស្សន៍អេក្រងធំវិញ ដើម្បីទស្សនាព្រឹត្តិការណ៍បាល់ទាត់បួនឆ្នាំម្ដង នៅទីក្រុងម៉ូស្គូ។

លោក ចូវ វឹនឡុង និយាយថា «ដោយសារការប្រកួតបាល់ទាត់ពិភពលោក World Cup កំពុងតែប្រព្រឹត្តទៅ ខ្ញុំចង់ទិញទូរទស្សន៍ ដែលមានទំហំពី៥០ទៅ៦០អ៊ីញ ដើម្បីមើលគុណភាពនៃការប្រកួតឱ្យកាន់តែច្បាស់។ ខ្ញុំនឹងដាក់ទូរទស្សន៍នេះ នៅក្នុងបន្ទប់ទទួលភ្ញៀវ»។

បុគ្គលិកផ្នែកលក់នៅក្នុងហាងដែល លោក ចូវ បានចូល បាននិយាយថា ស៊េរីទូរទស្សន៍ ដែលលក់ដាច់បំផុតរបស់ពួកគេនៅពេលថ្មីៗនេះ គឺប្រភេទដែលមានទំហំ៦៥អ៊ីញ។

លោក ឆាយ ជា បុគ្គលិកផ្នែកលក់ ក្នុងហាងលក់សម្ភារៈក្នុងផ្ទះ បានថ្លែងថា «ក្នុងខែនេះ យើងបានលក់ទូរទស្សន៍ទំហំ៦៥អ៊ីញ អស់ជិត៩០គ្រឿងទៅហើយ។ តាមថ្ងៃធម្មតា យើងលក់បានតែចន្លោះពី៣០ទៅ៤០គ្រឿងប៉ុណ្ណោះ»។

លោក វ៉ាង បូ គឺជាអ្នកគ្រប់គ្រងទូទៅ នៃមជ្ឈមណ្ឌលប្រតិបត្ដិការ នៅទីក្រុងប៉េកាំង នៃវេបសាយ Suning.com ជាវេបសាយលក់ទំនិញតាមអនឡាញរបស់ ក្រុមហ៊ុន Suning Appliance ដែលលក់ឧបករណ៍ប្រើប្រាស់ និងលក់រាយគ្រឿងអេឡិចត្រូនិច។

លោក វ៉ាង ក៏បានមើលឃើញដែរ ពីការកើនឡើងនៃការលក់ទូរទស្សន៍អេក្រង់ធំៗនេះ។

លោក វ៉ាង បូ ថ្លែងថា «យើងបានឃើញថា ការលក់ទូរទស្សន៍កើនឡើងជាង៤០ភាគរយទៅហើយ បើគិតត្រឹមខែមិថុនានេះ។ ការលក់ទូរទស្សន៍ទំហំ៦៥អ៊ីញ និងធំជាងនេះ បានកើនឡើងប្រហែល១៩៨ ភាគរយ ខណៈដែលទូរទស្សន៍ដែលមានទំហំធំ៧៥ អ៊ីញឬធំជាងនេះ កើនឡើងជិត៣៣០ភាគរយ»។

អ្នកសង្កេតផ្នែកឧស្សាហកម្មបច្ចេកវិទ្យានិយាយថា ក្រៅពីការប្រកួតបាល់ទាត់ពិភពលោក World Cup ទៅ ពិធីបុណ្យទិញទំនិញពាក់កណ្តាលឆ្នាំរបស់ប្រទេសចិន ក៏បានជួយបង្កើនការលក់ទូរទស្សន៍ផងដែរ ដែលមានការជួយសម្រួលបណ្តោះអាសន្នដល់វិស័យនេះ ដែលបានជួបប្រទះការធ្លាក់ចុះ នៃការលក់ចាប់តាំងពីឆ្នាំមុនមក។

ចាប់ពីថ្ងៃទី១៨ ខែមិថុនាមក ទិន្នន័យបានបង្ហាញថា ការលក់ទូរទស្សន៍នៅតាមហាងលក់ទូរទស្សន៍រាយតាមអនឡាញ នៅក្នុងប្រទេសចិន បានស្ទុះឡើង ២៦៩.៦ភាគរយ ឯការលក់នៅហាងដោយផ្ទាល់វិញ មានកំណើន៥៥.១ភាគរយ៕ (សារព័ត៌មាន CCTV របស់ចិន)