(បាងកក)៖ ប៉ូលិសនៅខេត្តឈុនបុរី (Chun Buri) ប្រទេសថៃ បានចាប់ឃាត់​ខ្លួនស្រ្តីជនជាតិ​ខ្មែរម្នាក់ ដោយសារ​តែភ្លើងប្រច័ណ្ឌ​បានបង្ខំឲ្យនាង ធ្វើ​រឿងដ៏នឹកស្មាន​មិនដល់មួយ នោះគឺកាត់ប្រដាប់ភេទប្តីរបស់ខ្លួន​ដែលជាជនជាតិថៃ ហើយ​យកលាក់​ទុកបាត់​ឈឹងតែម្តង។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី ​សារព័ត៌មានថៃ The Nation នៅរសៀល​ថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។

ស្រ្តីជនជាតិខ្មែរ​ខាងលើ ដែលគេស្គាល់ត្រឹម​ឈ្មោះថា ករុណា មានអាយុ ២៤ឆ្នាំ បានហៅទៅកាន់ខ្សែ​ទូរស័ព្ទសង្គ្រោះបន្ទាន់ កាល​ពីព្រឹកព្រលឹម​ថ្ងៃចន្ទនេះ ដើម្បីស្នើឲ្យជួយ​បញ្ជូន​ប្តីរបស់នាង​ឈ្មោះ ស៊ីរីផាន់ សានុសាន (Siriphan Sanusant) អាយុ ៤០ឆ្នាំ ទៅកាន់មន្ទីរពេទ្យ។ ស្រ្តីរូបនេះ​បាននិយាយ​​ប្រាប់​ប៉ូលិសថា នាងមានការខឹង​សម្បារចំពោះ​ប្តី​​របស់ខ្លួន ដោយសារការ​លួចមានស្នេហា​ជាមួយស្រីដទៃ​ទៀត ហើយ​ក៏​បាន​លួច​កាត់​​លិង្គ​ចោល​នៅពេល​ដែលប្តី កំពុងដេក​លក់​តែម្តង។

ដោយសារឃើញការឈឺចាប់ខ្លាំងហួសពាក្យ​ថ្លែងរបស់បុរសជាប្តី បានបណ្តាលឲ្យនាង ករុណា ហៅទូរស័ព្ទបន្ទាន់​​ដើម្បីសុំឲ្យបញ្ជូន​ប្តីរបស់ខ្លួន​ទៅកាន់មន្ទីរពេទ្យ ខណៈប៉ូលិស​នៅតែត្រូវបញ្ចុះ​បញ្ចូលរូបនាង ដើម្បីឲ្យបង្ហើប​ប្រាប់ពីកន្លែង​ ដែលនាងលាក់ទុកអវៈយវៈភេទ​​ខាង​លើ។

គួរជម្រាបថា ក្រោយពីរកឃើញ​ប្រដាប់ភេទប្តីនាង​ភ្លាមៗ​ ក៏ត្រូវបានដាក់ក្នុង​ធុងទឹកកក ហើយបញ្ជូនទៅ​កាន់​មន្ទីរពេទ្យ ប៉ុន្តែ​ជា​អកុ​សល្យ​​ក្រុមគ្រូពេទ្យបានដឹង វាជ្រុលពេល​ទៅហើយ ដើម្បីធ្វើការតភ្ជាប់វាឲ្យ​លោក Siriphan វិញ ព្រោះតែជា​លិការបស់ប្រដាប់​ភេទនោះ​បានងាប់បាត់​​​អស់​ទៅ​ហើយ ដោយមិនអាចវះកាត់តភ្ជាប់វិញ​បានឡើយ៕