(ប៉ារីស)៖ វាជារឿងដែលធ្លាប់​មានតែក្នុងភាពយន្ត​ប៉ុណ្ណោះ ប៉ុន្តែពេលបាន​ក្លាយជាការពិត​ជាក់ស្តែង ដោយទណ្ឌិតជា​ជនពាលម្នាក់ ត្រូវបានបងប្អូនរបស់គេជួយឲ្យហែកគុក រួចរត់ឡើង​ឧទ្ធម្ភាគចក្រ ជិះគេចខ្លួនទៅបាត់​ស្រមោល​តែម្តង​ពីពន្ធនាគារ​មួយស្ថិតនៅភាគ​ខាងត្បូង ទីក្រុង​ប៉ារីស ប្រទេសបារាំង។​នេះបើតាមការ​ចេញផ្សាយដោយ ស៊ីនហួរ នារសៀល​ថ្ងៃចន្ទ ទី០២ ខែកក្កដា ឆ្នាំ២០១៨។

ជនពាល និងជាទណ្ឌិត​ខាងលើនេះមាន​ឈ្មោះថា រ៉េដូអ៊ីន ហ្វេដ (Redoine Faid) អាយុ ៤៦ឆ្នាំ បានជួបគ្នាជាមួយ​នឹងបងប្អូនប្រុស​របស់ខ្លួន ដែលចូលទៅ​សួរសុខ​ទុក្ខរូបគេដល់ក្នុងពន្ធនាគារ ហើយពេល​នោះស្រាប់តែមាន​ខ្មាន់កាំភ្លើពីរនាក់​ បានសម្រុកចូលមក ដោយប្រើប្រាស់​គ្រាប់បែក​ផ្សែង​ បំផ្ទុះក្នុងបន្ទប់​ពន្ធនាគារ រួចក៏បានធ្វើ​សកម្មភាពរំដោះ​ទណ្ឌិត Redoine ឡើងទៅលើ​ឧទ្ធម្ភាគចក្រ​ដែលចតចោល នៅចំណតមួយ​នៃពន្ធនាគារភាគ​ខាងត្បូងទីក្រុង​ប៉ារីស​នោះ។

សមត្ថកិច្ចបារាំង​បានឲ្យដឹង​ទៀតថា ក្រោយពីហោះចេញពី​ទីធ្លាពន្ធនាគារមិនបាន​ប៉ុន្មានផង ឧទ្ធម្ភាគចក្រ​ខាងលើនេះ បានទៅចុះចត​នៅតំបន់ កុងណេសេ (Gonesse) ដែលនៅក្បែរ​ពន្ធនាគារនោះ​ដែរ រួចហើយទណ្ឌិត​ខាងលើក៏លោតចុះ រួចរត់​គេចទៅបាត់​ស្រមោល​​តែម្តង។ ប៉ូលិសបារាំងបាន​បញ្ជាក់ថា ពីឡុត​ឧទ្ធម្ភាគចក្រ​ និងជំនួយការម្នាក់ទៀត ត្រូវបានខ្មាន់កាំភ្លើង​ចាប់ជម្រិត រួចបង្ខំឲ្យធ្វើ​ការហោះហើរ ប៉ុន្តែក្រោយ​មកក៏ត្រូវបានខ្មាន់កាំភ្លើង​ដោះលែងវិញ ដោយពុំបាន​រងរបួសអ្វីឡើយ។

គួរបញ្ជាក់ថា នេះជាលើកទីពីរ​ហើយ ដែលទណ្ឌិត Redoine Faid បានហែក​គុករត់ចេញ​ពីពន្ធនាគារ ដោយកាលពី​លើកទី ១ នោះគឺបានកើត​ឡើងនៅឆ្នាំ២០១៣ ដោយជនរូបនេះបានរត់គេច​អស់រយៈពេល ០៦សប្តាហ៍ ទើប​ប៉ូលិសបារាំង អាចក្របួចយក​មកញាត់គុក​វិញបាន។ ជនរូបនេះ​ត្រូវបានតុលាការផ្តន្ទាទោស ​ដាក់​ពន្ធនាគារ ២៥ឆ្នាំ ពីបទប្រព្រឹត្ត​អំពើប្លន់ និងឈានដល់​ការសម្លាប់ជីវិតបូលិស​ម្នាក់​កាលពី​ឆ្នាំ២០១០។ បច្ចុប្បន្ននេះ ប៉ូលិសបារាំង​កំពុងតែធ្វើការស៊ើបអង្កេតរក Redoine និង​បក្ខពួក​ដើម្បីយក​មកផ្តន្ទាទោស​ឡើងវិញ៕