(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាន​និយាយថា ការសម្រេចចិត្តដាក់​ទណ្ឌកម្មជាថ្មីឡើងវិញ​របស់សហរដ្ឋអាមេរិក កំពុងធ្វើឱ្យសេដ្ឋកិច្ច​អ៊ីរ៉ង់ធ្លាក់ចូល​ក្នុងភាពវឹកវរ។ នេះបើតាម​ការចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។

លោក ណឺតាន់យ៉ាហ៊ូ ធ្វើការកត់​សម្គាល់បែបនេះ នៅឯពិធីបញ្ចប់​ការសិក្សាមួយរបស់​ក្រុមពីឡុត​នៅឯមូលដ្ឋានទ័ព​អាកាស ហាត់ហ្សែរីម (Hatzerim) ស្ថិតនៅភាគខាងត្បូង​ប្រទេសអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ។​ ថ្លែងនា​ឱកាសនោះ លោក ណឺតាន់យ៉ាហ៊ូ បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «អ៊ីរ៉ង់កំពុង​ធ្លាក់ចូលក្នុងភាពវឹកវរ​ផ្នែកសេដ្ឋកិច្ច ដែលនេះ​គឺជាលទ្ធផល​​ នៃការសម្រេចចិត្ត​ដាក់ទណ្ឌកម្ម​ឡើងវិញ​ របស់​សហរដ្ឋអាមេរិក ស្របពេល​កិច្ចខិតខំប្រឹងប្រែង​របស់រដ្ឋាភិបាល​ទីក្រុង តែលអាវីវ ក្នុងការបង្កើន​ការដាក់ទណ្ឌកម្ម ប្រឆាំងនឹងទីក្រុង​តេហេរ៉ង់​ កំពុងលេចចេញផ្លែផ្កា​ជាបណ្ដើរៗ​ហើយ»

គួរបញ្ជាក់ថា បើតាមលោក ណឺតាន់យ៉ាហ៊ូ បាតុកម្មតវ៉ា​ក្នុងប្រទេសអ៊ីរ៉ង់​នាពេលថ្មីៗនេះ បានបង្ហាញកាន់​តែច្បាស់ថា វាគឺជាការចាប់​ផ្ដើមនៃការមិនពេញចិត្ត​របស់ប្រជាជនអ៊ីរ៉ង់​ ចំពោះការដឹកនាំ​របស់រដ្ឋាភិបាលតេហេរ៉ង់​សព្វថ្ងៃ។ តែយ៉ាងណា​ក៏ដោយ អ្វីដែលគួរឱ្យ កត់សម្គាល់នោះ ការលើកឡើងបែបនេះ​របស់លោកនាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ធ្វើ​ឡើង​នៅ​មុនជំនួប​នៅថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះ​រវាងលោក ពូទីន និងលោក ត្រាំ ដែលត្រូវបាន​គេរំពឹងថា នឹងលើកយកសំណើ​របស់អ៊ីស្រាអែល​ឱ្យអ៊ីរ៉ង់ដកទ័ព​ចេញពីស៊ីរី ទៅពិភាក្សា​ផងដែរ៕