(បាងកក)៖ សមាគមខួង​អណ្តូងទឹកថៃ​នាថ្ងៃសុក្រនេះបានឲ្យដឹងថា ឧបករណ៍ខួងអណ្តូង​របស់ខ្លួន ត្រូវបានដាក់ឲ្យដំណើរ​ហើយ នៅក្នុង​ប្រតិបត្តិការ​ដ៏ក្តៅគគុក ដើម្បីតាមរុករក​យុវជនកីឡាករបាល់ទាល់​ចំនួន ១២នាក់ រួមទាំងជំនួយ​ការគ្រូបង្វឹក​ម្នាក់របស់​ពួកគេ ដែលបានបាត់​​ដំណឹងយ៉ាងអាថ៌កំបាំង នៅក្នុងល្អាងភ្នំ​ដែលត្រូវទឹក​ជន់លិច នៅខេត្តឈៀងរ៉ៃ ចាប់តាំងតែ​ពីថ្ងៃសៅរ៍សប្តាហ៍​មុនមក។ នេះបើតាមការដក​ស្រង់ការ​ផ្សាយចេញ​ពី​សារព័ត៌មានថៃ The Nation នៅរសៀលថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។

ម៉ាស៊ីនចល័ត​សម្រាប់ខួងធំៗចំនួន ០៥គ្រឿង ត្រូវបានដាក់​ដំណើរការនៅកន្លែង​កើតហេតុនាថ្ងៃសុក្រនេះ ខណៈ​អាជ្ញាធរថៃ​បានជ្រើសរើស​កន្លែង​ដែល​​ប្រសើរបំផុត ដើម្បីខួងបើកផ្លូវទឹក​ឲ្យហូរចេញពីល្អាងភ្នំ​បានរហ័សជាងមុន ប៉ុន្តែ​វាពុំមែន​ជារឿងងាយស្រួល​នោះឡើយ។ ​អភិបាលខេត្ត​ឈៀងរ៉ៃលោក បានឲ្យដឹងកាល​ពីថ្ងៃព្រហស្បតិ៍ម្សិលមិញ​ថា ពុំមាននរណាដឹង​ច្បាស់នោះឡើយថា មានចំនួនទឹកជន់​ច្រើន​កម្រិត​ណានោះ ដែលនៅ​ក្នុងល្អាងភ្នំ។ គិតត្រឹមយប់​ថ្ងៃព្រហស្បតិ៍ម្សិលមិញ កម្រិតទឹកជនន់​នៅមាត់ល្អាង បានថយចុះតែ ៣សង់ទីម៉ែត្រប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមប្រវត្តិនៃរូបភាព​​​របស់ក្រុមក្មេងៗកីឡាករទាំងនោះ គឺពួកគេ​ធ្លាប់​ទៅកាន់​ទីនោះ កាលពីចុង​ឆ្នាំ២០១៦ផងដែរ។ បើតាមសារព័ត៌មានថៃ រហូតមកទល់​នឹងយប់​ថ្ងៃព្រហស្បតិ៍ ប្រតិបត្តិការជួយ​សង្គ្រោះនៅតែបន្ត​ដដែល ក្រោយពីការផ្អាកមួយរយៈខ្លី ហើយមិនទាន់​មានតម្រុយអ្វី គួរ​ឲ្យកត់សម្គាល់នោះ​ឡើយ ដោយគ្រាន់តែ​ក្រុមសង្គ្រោះ បានឃើញដានជើងមនុស្ស​ និងស្បែកជើង ព្រមទាំងវត្ថុប្រើប្រាស់មួយចំនួន ដែល​គេជឿជាក់ថា ជារបស់ក្រុមកីឡាករ និងគ្រូបង្ហាត់ទាំង ១៣នាក់៕​