(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ថ្លែងនៅឯព្រឹទ្ធសភាអាមេរិក​បានឲ្យដឹងថា កូរ៉េខាងជើងមិនទាន់​បាន​ចាត់​វិធាន​ការ​​បញ្ជូន​អដ្ឋិធាតុ​ទាហាន​អាមេរិក ដែលបានបាត់បង់​ជីវិត​កាលពីអំឡុងសម័យ​សង្រ្គាមកូរ៉េ ខណៈការ​អះអាងនេះ គឺផ្ទុយពីសម្តីរបស់​​​​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ ដោយកន្លងមក​បានប្រាប់ថា កូរ៉េខាងជើង​បានចាប់ផ្តើមប្រគល់​​អដ្ឋិធាតុកងទ័ពអាមេរិក ​​មកកាន់​​ប្រទេសកំណើត​វិញហើយ។ នេះបើតាម​ការ​ដកស្រង់ការផ្សាយ​ចេញ​ពី សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសុក្រ ទី២៩ ខែមិថុនា ឆ្នាំ២០១៨។

សំណួរដែលជីក​សួរថា តើដំណើរការ​ខាងលើ បានពិតជាបានប្រព្រឹត្ត​ទៅដូចសម្តី​របស់លោក ដូណាល់ ត្រាំ ដែរ​ឬអត់នោះ ត្រូវបានធ្វើឡើង​ដោយ​​​ព្រឹទ្ធសមាជិក​អាមេរិកប្រចាំរដ្ឋ ញូហិមភ៍ភើ (New Hampshire) ដែលមកពីបក្សប្រជាធិបតេយ្យ​គឺលោកស្រី ស៊ីនធា ហ្សាហ៊ីន (Cynthia Shaheen)។ លោក Pompeo បានគូស​បញ្ជាក់​ដូច្នេះថា «យើងមិនទាន់​ទទួលបានអដិ្ឋធាតុ​ពួកគេ (ទាហាន​អាមេរិក) នៅឡើយទេ»

តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយបើកកិច្ច​ជំនួបជាប្រវត្តិសាស្រ្តរវាងមេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន លោក ដូណាល់ ត្រាំ បានបង្ហើបឲ្យ​ដឹងនៅក្នុង​កិច្ចសម្ភាសន៍​មួយជាមួយ​សារព័ត៌មាន​អាមេរិក Fox News ថា ទីក្រុងព្យុងយ៉ាង​បានចាប់ផ្តើមប្រគល់​ អដ្ឋិធាតុរបស់ទាហាន​​ដ៏​អង់​អាច​​របស់​អាមេរិក ដែលបានស្លាប់​ចោលឆ្អឹងនៅលើទឹកដី​កូរ៉េខាងជើង មកវិញហើយ ទោះបីជាពុំមាន​នរណាម្នាក់ធ្លាប់​គិតថា វាអាចទៅរួច​​ក៏ដោយក្តី។

គួរជម្រាបថា បើតាមក្រសួង​ការពារជាតិអាមេរិក កងទ័ពអាមេរិកជិត ៨,០០០នាក់ ដែលបានចូលរួមក្នុង​សង្រ្គាមកូរ៉េ​ឆ្នាំ១៩៥០-១៩៥៣ នៅ​មិនទាន់​ទទួលបានអដ្ឋិធាតុ​មកវិញនៅឡើយ​ទេ ហើយលើកចុងក្រោយ​ដែលកូរ៉េខាងជើង បានបញ្ជូនអដ្ឋិធាតុ​ទាហានអាមេរិកនោះ គឺ​កាល​ពីឆ្នាំ២០០៧ នៅពេលអតីតឯក​អគ្គរដ្ឋទូតអាមេរិក បានខិតខំ​សម្រេចបាននូវ​ការប្រគល់មកវិញ​ នូវអដិ្ឋធាតុទ័ព​អាមេរិកចំនួន ០៦នាក់៕