(បាងកក)៖ ក្រុមសង្គ្រោះ​នៃប្រទេសថៃ កំពុងតែប្រើគ្រឿង​ចក្រខ្នាតធំ ខួងចូលជញ្ជាំង​នៃភ្នំតែម្តង ដើម្បីពន្លឿនការបង្ហូរទឹក​ចេញពីរូងភ្នំ ដែលក្មេងៗកីឡាករ និងគ្រូបង្វឹក​ពួកគេសរុបមានគ្នា ១៣នាក់ បានជាប់នៅក្នុង​រូងភ្នំឈ្មោះ ថាមលួង នៃខេត្តឈៀងរ៉ៃ នេះតាំងតែពីថ្ងៃ​សៅរ៍សប្តាហ៍​មុនមកម្ល៉េះ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ សារព័ត៌មានថៃ Nation នៅយប់​​ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។

សមាជិកកីឡាករ​ដែលមានគ្នាក្មេងៗ និងគ្រូបង្វឹក​សរុប ១៣នាក់ ខាងលើនេះបានបាត់​ខ្លួននៅក្នុងរូងភ្នំ​ខាងលើនេះ អស់រយៈ០៥ថ្ងៃមកហើយ ដោយក្រុមអ្នក​ជំនាញជឿជាក់​ថា ពួកគេបានរុលចូល​យ៉ាងជ្រៅ ទៅក្នុងរូងភ្នំដែល​មានជម្រៅ ១០គីឡូម៉ែត្រនេះ ដោយសារតែផ្លូវដែលពួកគេ​ត្រូវចេញមកវិញ ត្រូវបានទឹកលិច​ក្រោយភ្លៀង​ធ្លាក់ខ្លាំង។

សម្រាប់ក្រុមសង្គ្រោះ​មានទាំងក្នុងស្រុក និងមក​ពីអង់គ្លេស ព្រមទាំង​សហរដ្ឋអាមេរិក​នៅតែបន្តធ្វើការ​ស្វែងរកវិធីជួយ​សង្គ្រោះ ខណៈនាយករដ្ឋមន្ត្រីថៃ​លោក​ ប្រាយុទ្ធ ចាន់អូចា កាលពីល្ងាច​មិញនេះ ក៏បានចុះទៅដល់​កន្លែងកើតហេតុដោយផ្ទាល់ ដើម្បីពិនិត្យសកម្មភាព​ជួយសង្គ្រោះ និងលើកទឹកចិត្ត​សមាជិកក្រុមគ្រួសារ​នៃមនុស្ស​ទាំង ១៣នាក់ ដែល​កំពុងតែ​ជួបទុក្ខ​លំបាក​នាគ្រា​នោះ។

គួរបញ្ជាក់ថា បើតាមប្រវត្តិនៃរូបភាព​របស់ក្រុមក្មេងៗកីឡាករទាំងនោះ គឺពួកគេធ្លាប់​ទៅកាន់​ទីនោះ កាលពីចុងឆ្នាំ២០១៦ផងដែរ។ បើតាមសារព័ត៌មានថៃ រហូតមកទល់​នឹងយប់​ថ្ងៃព្រហស្បតិ៍នេះ ប្រតិបត្តិការជួយ​សង្គ្រោះនៅតែបន្ត​ដដែល ហើយមិនទាន់​មានតម្រុយអ្វីគួរ​ឲ្យកត់សម្គាល់នោះ​ឡើយ ដោយគ្រាន់តែ​ក្រុមសង្គ្រោះ បានឃើញដានជើងមនុស្ស​មួយ ដែល​គេជឿជាក់ថា ជាសមាជិកមួយ​ក្នុង​ចំណោម ១៣នាក់ ប៉ុណ្ណោះ៕