(ហាណូយ)៖ គ្រោះមហន្តរាយ​ទឹកជំនន់ និងបំណាក់ដី​នៅតំបន់ភ្នំ​ភាគខាងជើង​​ប្រទេស​វៀតណាម បានបង្កឲ្យមនុស្សស្លាប់​កើនឡើងដល់ ២២នាក់ហើយ ខណៈ​០៩នាក់ផ្សេងទៀត នៅបន្ត​បាត់ខ្លួន​នៅឡើយ ដោយសារតែភ្លៀងធ្លាក់​ខ្លាំង បានវាយប្រហារប្រទេស​វៀតណាម តាំងតែពីចុង​សប្តាហ៍មុនមក​ម្ល៉េះ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នារសៀល​ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមិថុនា ឆ្នាំ២០១៨។

តាមរបាយការណ៍​របស់ទីភ្នាក់ងារគ្រប់គ្រង និងចាត់ចែងពេល​មានគ្រោះមហន្តរាយ​របស់​វៀតណាម (NDPC) មនុស្សស្លាប់​ចំនួន ១៦នាក់ គឺស្ថិតនៅក្នុងខេត្ត ឡៃចាវ (Lai Chau), ០៥នាក់​នៅក្នុងខេត្ត ហាគាំង (Ha Giang) និងម្នាក់នៅ​ក្នុងខេត្ត ក្វាងនិញ (Guag Ninh) ដោយពួកគេ​បានបាត់បង់ជីវិត​ ដោយសារតែការរលំផ្ទះសង្កត់លើ និងលង់​ទឹក​ជាដើម។ បន្ថែមពីនេះ​អ្នកបាត់ខ្លួនចំនួន ០៩នាក់ ស្ថិតនៅ​ក្នុងខេត្ត Lai Chau ទាំងអស់ ដោយសារទឹកជំនន់មួយប្រាវ បានកួចយកពួកគេទៅបាត់។

គួរបញ្ជាក់ថា ចំនួនមនុស្ស​ស្លាប់នៅភាគខាងជើង​ប្រទេសវៀតណាម​នេះ ត្រូវបាន​រាយការណ៍ និងកើនឡើង​ជាបន្តបន្ទាប់​ គិតចាប់តាំងពីពេលដើមសប្តាហ៍នេះមកម្ល៉េះ ហើយក្នុងនោះ​មនុស្ស ១៥នាក់ផងដែរបានរងរបួស ខណៈការខាតបង់​លើវិស័យសេដ្ឋកិច្ចជារួមវិញ ត្រូវបានរដ្ឋាភិបាល​វៀតណាម​​អះអាងថា ស្ថិតនៅក្នុង​រង្វង់ជាង ២០លានដុល្លារអាមេរិក៕