(តូក្យូ)៖ ទីបំផុតព្រះនាងម្ចាស់ជប៉ុនមួយអង្គទៀតហើយ កំពុងបោះបង់ចោលងារជាញាតិវង្សរបស់ទ្រង់ ដោយសារតែការភ្ជាប់ចំណងស្នេហ៍​ជាមួយរាស្រ្តសាមញ្ញ ដោយព្រះនាងជាមួយគូស្នេហ៍ជាបុរសដ៏សំណាងម្នាក់ នឹងរៀបអាពាហ៍ពិពាហ៍នាខែតុលាឆ្នាំនេះ។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨។

បើតាមស្ថាប័នរាជវាំងជប៉ុន អនាគតស្វាមីរបស់ព្រះនាង អាយ៉ាកុ (Ayako) ដែលជាបុត្រីពៅនៃប្អូនជីដូនមួយ​របស់ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ (Akihito) នោះមានឈ្មោះថា ខី ម៉ូរីយ៉ា (Kei Moriya) ព្រះជន ៣២ឆ្នាំ មានតួនាទីនៅក្នុងក្រុមហ៊ុនកប៉ាល់ដឹកជញ្ជូន Nippon Yusen KK បន្ទាប់ពីព្រះនាងម្ចាស់ និងលោក Kei Moriya បានជួបមុខនិងស្គាល់គ្នាកាលពីខែធ្នូកន្លងទៅ។ លោក Moriya ក៏ជាសមាជិកម្នាក់នៅក្រុមប្រឹក្សាភិបាល នៃអង្គការមិនរកប្រាក់កម្រៃមួយកន្លែងផងដែរ ដែលផ្តល់ឱកាសនៃការអប់រំដល់កុមារ នៅតាមប្រទេសកំពុងអភិវឌ្ឍន៍។

យោងតាមសេចក្តីប្រកាសរបស់ស្ថាប័នខាងលើ គូស្នេហ៍រវាងសមាជិករាជវង្ស និងជនសាមញ្ញមួយគូនេះ នឹងត្រូវភ្ជាប់ជាផ្លូវការនៅថ្ងៃទី១២ ខែសីហា នៅមុនពិធីរៀបអាពាហ៍ពិពាហ៍នាថ្ងៃទី២៩ ខែតុលា នៅឯវិហារ (ម៉ីជី) Meiji នៃទីក្រុងតូក្យូ។ បើតាមច្បាប់រាជវង្សជប៉ុន ព្រះនាងម្ចាស់គ្រប់អង្គ នឹងត្រូវបាត់បង់ឋានៈជាខ្សែរាជវង្ស ប្រសិនបើទ្រង់សម្រេចរៀបការជាមួយសាមញ្ញជន។

គួរជម្រាបថា កាលពីឆ្នាំទៅ រាជវាំងជប៉ុន ក៏បានប្រកាសពីការភ្ជាប់ពាក្យរវាង​ព្រះនាង ម៉ាកុ (Mako) ដែលជាចៅស្រីច្បងរបស់ព្រះចៅ​អាគីហ៊ីតុ ជាមួយជនសាមញ្ញគឺលោក ខី កូមូរ៉ុ (Kei Komuro) ផងដែរ។ ប៉ុន្តែការភ្ជាប់ពាក្យនោះ ត្រូវបានពន្យាពេលទៅកាន់ឆ្នាំ២០២០ ដោយគូស្នេហ៍ទាំងពីរ ចង់មានពេលឲ្យបានច្រើន ដើម្បីរៀបចំខ្លួនសម្រាប់ជីវិតអាពាហ៍ពិពាហ៍។

មួយវិញទៀត ប្រសិនបើព្រះនាង Ayako និង Mako រៀបការចូលទៅក្នុងជីវិតរាស្រ្តសាមញ្ញនោះ ចំនួនសមាជិកនៃខ្សែរាជវង្សជប៉ុន នឹងត្រូវ​​ថយនៅត្រឹម ១៧អង្គ ក្នុងនោះមាន ១២អង្គជាក្សត្រីយ៍៕