(ហាណូយ)៖ វៀតណាមបានធានាយ៉ាងមុតមាំថា នឹងការពារកម្មសិទ្ធិបញ្ញារបស់អ្នកនិពន្ធបទចម្រៀង ពីការរំលោភបំពាននានាដើម្បី ប្រមូលប្រាក់ឱ្យអ្នកនិពន្ធវិញ ខណៈការលួចចម្លងកម្មសិទ្ធិ កំពុងកើតមានឡើងគួរឲ្យព្រួយបារម្ភ។ នេះបើតាមសម្តី លោក ឌិញ ទ្រុងខេន (Dinh Trung Can) ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៧ ខែមិថុនា ឆ្នាំ២០១៨។

លោក Dinh Trung Can ជាអគ្គនាយកមជ្ឈមណ្ឌលវៀតណាម សម្រាប់ការពារកម្មសិទ្ធិបញ្ញាលើវិស័យផលិតបទចម្រៀង បានបញ្ជាក់ប្រាប់សារព័ត៌មាននៅ ក្នុងស្រុកដូច្នេះថា «ខ្ញុំគិតថា ការការពារកម្មសិទ្ធិបញ្ញាក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយ និងទប់ស្កាត់ការរំលោភបំពាន។ មិនតែប៉ុណ្ណោះ វាក៏បានផ្ដល់ទំនុកចិត្ត និងការលើកទឹកចិត្តផងដែរដល់អ្នកនិពន្ធឱ្យបន្តបង្កើត ការច្នៃប្រឌិតថ្មីៗរបស់ពួកគេ»។

គួរបញ្ជាក់ថា បើតាមលោក Dinh Trung Can ក្នុងរយៈពេល ១៦ឆ្នាំ មកនេះ មជ្ឈមណ្ឌលរបស់លោកបានបង្វិលប្រាក់កម្មសិទ្ធិបញ្ញា ប្រមូលបានឱ្យទៅក្រុមអ្នកនិពន្ធ។ ពោលគឺកាលពីឆ្នាំ២០០២​ វៀតណាមប្រមូលបានបា្រក់ពីកម្មសិទ្ធិបញ្ញាត្រឹមតែ ៣,៤០០ដុល្លារ ប៉ុណ្ណោះ ខណៈនៅឆ្នាំ២០១៧ វៀតណាមប្រមូលបានប្រាក់រហូតដល់ទៅ ៨.៨លានដុល្លារឯណោះ ក្រោយការចាប់ផ្ដើមរឹតបន្តឹងច្បាប់ការពារកម្មសិទ្ធិបញ្ញា៕