(វ៉ាស៊ីនតោន)៖ សមាជិកសភា​អាមេរិក និងជាប្រធាន​គណៈកម្មាធិការ​អាវុធ លោក ម៉ាក ថនប៊ែររី (Mac Thornberry) បាននិយាយថា ចិនកាន់តែបង្ក ការគំរាមកំហែង​កាន់តែខ្លាំង​​នៅក្នុងឧស្សហកម្ម​ចារកម្ម ក្នុងនោះរួមមាន​ទាំងការលួចព័ត៌មាន​សំងាត់ (​Hack) ការបញ្ជូននិស្សិតមក សិក្សានៅ​តាមសាកលវិទ្យាល័យអាមេរិក បង្កើតអង្គការ​ផ្ទេរបច្ចេកវិទ្យា​ទៅកាន់​ប្រទេសចិន ព្រមទាំងបង្កើត​សមាគមជ្រើស​រើសអ្នកមាន ទេពកោសល្យ​ផ្នែកបច្ចេកវិទ្យា​អាមេរិក​ជាដើម។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៨។

ការព្រមានបែបនេះ​របស់លោក Thornberry ធ្វើឡើងនៅចំពោះ​មុខសភាអាមេរិក​ កាលពីថ្ងៃព្រហស្បតិ៍​កន្លងទៅ។ នា​ឱកាស នោះសមាជិក​សភារូបនេះ​បានលើកឡើងយ៉ាងដូច្នេះថា «រដ្ឋាភិបាល​អាមេរិកមិនមាន​គោលនយោបាយ​គ្រប់ជ្រុង​ជ្រោយ ឬឧបករណ៍ ណាមួយ​ដើម្បីដោះស្រាយ​បញ្ហាលួចលាក់​ បញ្ជូនបច្ចេកវិទ្យា​ទៅកាន់ប្រទេសចិន​បានឡើយ។ បន្ថែមពី​លើនេះ រដ្ឋាភិបាល​អាមេរិកក៏មិន​មាន​យុទ្ធសាស្ត្រ​ជាក់លាក់ក្នុងការទប់​ស្កាត់ អ្វីដែលកំពុងកើត​ឡើងនេះ ឬក៏ថា តើបច្ចេកវិទ្យាអ្វីដែល​យើងត្រូវការពារ​នោះដែរ ខណៈការវិនិយោគចិន​ក្នុងវិស័យបច្ចេកវិទ្យា​អាមេរិកកាន់​តែ​ទៅមុខ»។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក កាលពីប៉ុន្មាន​សប្ដាហ៍មុន ទិន្នន័យសំងាត់ ៦១៤ gigabytes ស្ដីពីគំរោង​អភិវឌ្ឍមីស៊ីល supersonic ប្រឆាំង​នាវាមុជទឹក ដែលគ្រោងនឹង​ត្រូវបំពាក់លើវានាមុជទឹក​ នៃកងនាវាអាមេរិក​នៅឆ្នាំ២០២០ ត្រូវបានក្រុម Hackers ចិនលួច​យកទៅ៕