(ម៉ូស្គូ)៖ ក្រុមកំពូលតារាង ស៊ែប៊ី នឹងត្រូវប៉ះក្រុមនៅប្លុកអឺរ៉ុបដូចគ្នា ស្វីស នាម៉ោង១រំលងអាធ្រាត្រនេះ បញ្ចប់ជុំទី២នៅ World Cup 2018 ដែលមានរុស្ស៊ីធ្វើម្ចាស់ផ្ទះជាលើកទី១ ប្រវត្តិសាស្រ្ត។

ស៊ែប៊ី នឹងកក់កៅអីទៅវគ្គ ១៦ក្រុមចុងក្រោយ ប្រសិនបើអាចយកឈ្នះក្រុមជម្រើសជាតិកំពូលមហាសន្តិសុខស្វីស បានមែននោះ ដ្បិតក្រុមដែលមានទង់ជាតិសញ្ញាលេខបូកក៏ត្រូវបាន ៣ពិន្ទុជាចាំបាច់ផងដែរ ដើម្បីប្រជែងជាមួយនឹង ប្រេស៊ីល ខណៈនីហ្សេរីយ៉ា អស់ឱកាសឡើងទៅវគ្គបន្តហើយ។

ស្វីស ជាក្រុមវាយបកតាមបានស្មើ ១-១ និងទទួលបាន១ពិន្ទុមកវិញ ក្រោយពេលកីឡាករ Philippe Coutinho រកគ្រាប់នាំមុខឲ្យប្រេស៊ីល តាំងពីនាទីទី២០ បន្ទាប់ពីស៊ែប៊ី បានយកឈ្នះកូស្តារីកា ត្រឹមលទ្ធផល ១-០ នៅថ្ងៃបើកឆាកពូល E ក្នុងជុំទី១។

Branislav Ivanovic ជាកម្លាំងការពារដ៏សំខាន់របស់ ស៊ែប៊ី ដែលកំពុងលេងឲ្យក្លឹបអាជីពនៅប្រទេសរុស្ស៊ីនេះ ស្របពេលមិត្តរួមជាតិ លេងក្នុងតំណែងខ្សែបម្រើប្រយុទ្ធ Nemanja Matic កំពុងលេងឲ្យក្លឹបអង់គ្លេស Manchester United និងកីឡាករខ្សែបម្រើប្រយុទ្ធ Xherdan Shaqiri លេងឲ្យ Stoke City និង Granit Xhaka របស់ក្លឹប Arsenal ជាកីឡាករស្នូលរបស់ក្រុមជម្រើសជាតិស្វីស៕