(ម៉ូស្គូ)៖ អ្នកនាំពាក្យ​ក្រសួងការ​បររទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) បាន​អះអាងថា អាវុធគីមីនៅស៊ីរី​គឺផលិតឡើងដោយ​ក្រុមសកម្មប្រយុទ្ធ ហើយបរិក្ខាសម្រាប់ផលិតអាវុធនេះមួយចំនួន ត្រូវបានផលិតនៅប្រទេស​អឺរ៉ុបខាង​លិច។ នេះបើ​តាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មាន​ដ៏ខ្លីមួយនៅ​ថ្ងៃសុក្រនេះ នៅឯក្រសួង​ការបរទេសរុស្ស៊ី លោកស្រី Zakharova បានលើក​ឡើងត្រង់ៗយ៉ាងដូច្នេះថា «ផ្អែកលើបរិក្ខា​ដែលកងកម្លាំងរដ្ឋាភិបាល​ស៊ីរី បានរកឃើញ​កាលពីប៉ុន្មានថ្ងៃមុននេះ​ក្នុងទីក្រុងឌូម៉ា... ខ្ញុំចង់ប្រាប់ថា បរិក្ខាមួយ​ចំនួន (ផលិតនៅអឺរ៉ុប​ខាងលិច) ត្រូវបានប្រើប្រាស់​ដោយក្រុមសកម្មប្រយុទ្ធ​ (ភេរវករ) ក្នុងការផលិត​អាវុធគីមី។ ចំណែកឯ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង បែរជាកំពុង​ព្យាយាមបង្វែ​អង្គការហាមឃាត់​អាវុធគីមី OPCW ទៅជាស្ថាប័ន​នយោបាយ​ទៅវិញ»

គួរបញ្ជាក់ថា បើតាម​លោកស្រី Zakharova ឃ្លាំងអាវុធគីមី​របស់ក្រុមសកម្មប្រយុទ្ធ​នៅក្នុងទីក្រុងឌូម៉ា ប្រទេសស៊ីរី ក៏បាន​ផលិតផង ដែរនូវគ្រឿងបំផ្ទុះមាន​សមត្ថភាពខ្ពស់ និងអាវុធប្រើប្រាស់​ឧស្ម័ន​ក្លរជាដើម។ កាលពីថ្មីៗនេះ អង្គការ OPCW ក៏បានបញ្ជាក់ដែរថា ការស៊ើបអង្កេត​លើការប្រើប្រាស់​អាវុធគីមី នៅទីក្រុង Douma នឹងត្រូវ​សម្រេចចេញ​ជាលទ្ធផល​ក្នុងពេលឆាប់ៗ​ខាងមុខ៕