(ទ្រីប៉ូលី)៖ ប្រភពពី​គ្រូពេទ្យ​បានឲ្យដឹងថា ទាហានចំនួន ១៦នាក់ នៃកម្លាំងយោធា​ភាគខាងកើតរបស់​ប្រទេសលីប៊ី​បានបាត់បង់​ជីវិត និង ២០នាក់​​ទៀតបានរង​របួស នៅក្នុងឈុតឆាក​ប្រយុទ្ធគ្នា​ដ៏ក្តៅគគុក ដើម្បីដណ្តើម​កាន់កាប់នូវ​ផែប្រេង​ពីរកន្លែង​មកវិញ ពីកណ្តាប់ដៃរបស់​ក្រុម​សកម្ម​ប្រយុទ្ធ​ដែលជា​គូសត្រូវ​របស់ខ្លួន។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញ​ពី ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។

យោងតាមគ្រូពេទ្យ​នៅឯមន្ទីរពេទ្យ​មួយកន្លែង​ក្នុងក្រុង អាចដាប៊ីយ៉ា (Ajdabiya) ភាគខាងកើត​លីប៊ី ផ្នែកសង្រ្គោះបន្ទាន់​នៃមន្ទីរពេទ្យ ទទួលបានសាកសព​​​​​ទាហានចំនួន ១៦នាក់ និង​អ្នករបួសជាង ២០នាក់​ផ្សេងទៀត ដែលបង្កឡើង​ដោយសារតែ​ការប៉ះទង្គិចគ្នា​យ៉ាងកក្រើក នៅក្នុងតំបន់​សម្បូរទៅ​​ដោយធនធាន​ប្រេង ដែលស្ថិតនៅ​ក្បែរទីក្រុង​នេះ។ ជាមួយគ្នា​នេះ ជនសកម្ម​ប្រយុទ្ធជាង ៥០នាក់ ក៏បានស្លាប់​ផងដែរ នៅក្នុងការប្រយុទ្ធដ៏បង្ហូរ​ឈាម​ផងដែរ។

គួរជម្រាបថា កម្លាំងយោធា​ភាគខាងកើត​ប្រទេសលីប៊ី ហៅកាត់​ថា LNA ដែលដឹកនាំ​ដោយមេបញ្ជាការ​លោក ខាលីហ្វា អាហ្វតារ (Khalifa Haftar) គឺជា​ក្រុម​​ប្រឆាំងនឹងរដ្ឋាភិបាលលីប៊ីនៅរដ្ឋធានីទ្រីប៉ូលី ដែលមានការគាំទ្រពីអង្គការសហប្រជាជាតិ៕