(អាមេរិក)៖ កាលពីដើម​សប្តាហ៍នេះ អនុប្រធានាធិបតីអាមេរិក​លោក ម៉ៃក៍ ភែន (Mike Pence) បានបំពេញទស្សនកិច្ច​ទៅកាន់ទីក្រុង ភីឡាឌែលហ្វា (Philadelphia) នៃរដ្ឋភែនស៊ីលវេនៀ (Pennsylvania) ជាមួយនឹងបេក្ខភាព​អភិបាលសម្រាប់​រដ្ឋនេះ​តែម្តង គឺលោក ស្កុត វ៉េកណឺ (Scott Wagner) ទោះបីជា​មាន​ការរិះគន់កំ​ពុងតែកក្រើក​​យ៉ាង​ណា​ក៏ដោយ។ នេះបើតាមការ​ចេញផ្សាយ​​ដោយ Sputnik នារសៀល​ថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨។

នៅក្នុងឱកាសនៃ​ការមកដល់របស់​លោក Pence និងមន្ត្រីរួមដំណើរ​នោះ សមាជិក​សភាជាអ្នកស្រឡាញ់​ភេទដូចគ្នាដំបូងគេរបស់​គណបក្សប្រជាធិបតេយ្យ ប្រចាំនៅរដ្ឋ Pennsylvania នេះតែម្តង គឺលោក ប្រាយអែន ស៊ីមស៍ (Brian Sims) បានធ្វើការ​ស្វាគមន៍យ៉ាងកក់​ក្តៅចំពោះប្រតិភូ​លោក Pence តាមរយៈការ​​បង្ហោះ​ម្រាម​ដៃកណ្តាល (ជាកាយវិការ​បង្កប់អត្ថន័យឈ្លើយបំផុតមួយ នៃជនជាតិលោក​ខាងលិច) នៅលើ​បណ្តាញ​​សង្គម Facebook ផ្ទាល់ខ្លួន​​របស់លោក។

សម្រាប់អត្ថន័យ​ភ្ជាប់ជាមួយរូបភាព​របស់ លោក Brian នោះគឺ «ដើម្បីឲ្យ​កាន់តែច្បាស់ យើងគឺជា​ទីក្រុងនៃភាពចំរុះ​ជាតិសាសន៍។ យើងជឿជាក់​ទៅលើថាមពល នៃមនុស្ស​ទាំងឡាយ​នៅក្នុងការ​រស់រាន និងការរួមចំណែកយ៉ាងសំខាន់ មិនថាពីមនុស្សស្បែក ខ្មៅ ស ត្នោត... ជនអន្តោប្រវេសន៍... យើងចង់បានពួកគេ ហើយនឹង​គោរពពួកគេ។ ដូច្នេះសូមចាំទុក​ក្នុងចិត្ត​​ចុះ នៅពេលដែល​អ្នកមកទីនេះ ដើម្បីអង្គាស​ប្រាក់យកទៅ ធ្វើទុក្ខបុកម្នេញ​​ក្រុមគ្រួសារបន្ថែម​ទៀត, បង្កើនការ​និយាយកុហក... ឬក៏និយាយ​ជាមួយស្ត្រីម្នាក់​​នៅក្នុងបន្ទប់​ ដោយគ្មាន​ប្រពន្ធអ្នក​នៅជាមួយ។ យើងមាន​ពួកគេ (ជនអន្តោប្រវេសន៍) ខ្លះដែរ​នៅទីនេះ ហើយពួកគេមានភាពល្អប្រសើរ និងអស្ចារ្យពិតៗ ជាងអ្វីដែលអ្នក​​មានទៅទៀត... ដូច្នេះបញ្ចប់​ត្រឹមនេះចុះ ហើយចាក​ចេញទៅ»

គួរបញ្ជាក់ថា ការរិះគន់​នយោបាយ​អន្តោប្រវេសន៍ ដោយចង់សំដៅ​លើការពង្រាត់​កូនៗ​ចេញពីឪពុក​ម្តាយរបស់ពួកគេ​នោះ គឺកំពុងតែក្លាយ​ជាប្រធានបទ​ក្តៅគគុក ទាំងក្នុងស្រុក និងអន្តរជាតិ ហើយសូម្បីតែ​មន្ត្រីកំពូលៗ នៃអង្គការ​សហប្រជាជាតិ និង​លោកអគ្គលេខាធិការ UN ផងដែរ បានចេញ​មុខរិះគន់​រហូតដល់​អាមេរិក​សម្រេចចិត្តដក​ខ្លួនចេញពីក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស នៃអង្គការ​សហប្រជាជាតិ​តែម្តង៕