(វែលីងតោន)៖ នាយករដ្ឋមន្រ្តី​នូវែលសេឡង់លោកស្រី ចាស៊ីនដា អាដឺន (Jacinda Ardern) ទីបំផុតដល់​ថ្ងៃឆ្លងទន្លេដោយ​​បានផ្តល់កំណើត​ ឲ្យកូនដំបូង​ដ៏ស្រស់​ស្អាត​​ម្នាក់ នៅរសៀល​ថ្ងៃព្រហស្បតិ៍​នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃ​​ព្រហស្បតិ៍​ ទី​២១ ខែមិថុនា ឆ្នាំ២០១៨។

​ទារិកាខាង​លើមានទ​ម្ងន់ ៣.៣១គីឡូក្រាម និងបានកើត​នាវេលា​ម៉ោង ០៤៖៤៥នាទីល្ងាច (ម៉ោងក្នុង​តំបន់់) នៅមន្ទីរពេទ្យ​នៃទីក្រុង អកឡេនដ៍ (Auckland) ដែលប្រការនេះ​ធ្វើឲ្យលោកស្រី Jacinda Ardern គឺជានាយករដ្ឋមន្រ្តី​នូវែលេសឡង់​ដំបូងគេ ដែលបានផ្តល់​កំណើតឲ្យកូន ​ស្រប​ពេលកំពុង​កាន់តំណែងជាមេដឹកនាំ​ប្រទេស និងជារឿង​កម្រមាននៅក្នុងចំណោម​មេដឹកនាំឯទៀតៗ​លើ​ពិភពលោក។

គួរជម្រាបថា លោកស្រី Ardern បានប្រកាសពីការមានផ្ទៃពោះរបស់​លោកស្រី នៅប៉ុន្មានខែក្រោយ​ពីលោកស្រី បានដឹកនាំគណបក្សពលករ​​​​ទទួលជោគជ័យ​ក្នុងការចរចាបង្កើត​រដ្ឋាភិបាលចំរុះ​ កាលពីខែតុលា ឆ្នាំ​ទៅមិញ៕