(វ៉ាស៊ីនតោន)៖ សេតវិមាន​បានបញ្ចេញរបាយការណ៍​​មួយ ដែល​រៀបរាប់​ពី​​សមត្ថភាព​ប្រុងជើង​ការ​របស់​សហរដ្ឋអាមេរិក ចំពោះ​អាចម៍ផ្កាយ​ ឬផ្កាយ​ដុះកន្ទុយទាំង​ឡាយ ដែលមាន​គន្លងធ្វើដំណើរ​នៅរយៈចម្ងាយ​ប្រហែល ៤៨លានគីឡូម៉ែត្រ ពីផែនដី។ នេះបើតាម​ការដកស្រង់​ការ​ផ្សាយចេញ​ពី ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨។

របាយការណ៍​ខាងលើ ត្រូវបានរៀបចំ​ឡើងដោយ​ក្រុមប្រឹក្សាជាតិ​អវកាស និងបច្ចេកវិទ្យា​របស់​សេតវិមាន ដើម្បីលើកឡើង​ពីដំណោះស្រាយ​​សម្រាប់​គ្រោះថ្នាក់ នៃឥទ្ធិពលរបស់​វត្ថុអវកាស​ជិត​ផែនដី ដែល​គេ​ហៅថា NEO នៅក្នុង​រយៈពេល ១០ឆ្នាំខាងមុខ ប៉ុន្តែ​ពុំមាន NEO ណា​មួយ​នាពេល​បច្ចុប្បន្ននេះ បង្កហានិភ័យ​ខ្ពស់ឡើយនៃការមកបុក​ចំផែនដី​ឡើយ។

របាយការណ៍​ដដែលបាន​ឲ្យដឹងថា សមត្ថភាពរបស់​អាមេរិក​ក្នុងការវាយតម្លៃ​លើហានិភ័យ​ នៃការធ្លាក់មកបុក​ផែនដី​របស់ NEO ព្រម​ទាំង​​ការ​រុក​រក​ និង​ចាត់​ថ្នាក់​​នៃចំនួន NEO មានភាព​ប្រសើរឡើង ប៉ុន្តែសមត្ថភាព​សង្កេតនា​ពេលបច្ចុប្បន្ន គឺសាកសមសម្រាប់តែតាម​ស្វែងរក​ ​​​បាន​តិចជាងពាក់កណ្តាល​ប៉ុណ្ណោះនូវ NEO ទាំងអស់​ដែលមានមុខកាត់​ប្រវែង ១៤០ម៉ែត្រ នៅឆ្នាំ២០៣៣។ សម្រាប់ NEO ធំៗដែល​មានមុខកាត់​​លើសពី ​​១៤០ម៉ែត្រ គឺមានលទ្ធភាព​អាចនឹងបង្កការ​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ នៅក្នុងតំបន់ និងទ្វីប​ទាំង​មូល។​

ជាមួយគ្នានេះ ទីភ្នាក់ងារ​អវកាស​អាមេរិក NASA រួមជាមួយដៃគូ​សហការនានា​របស់ខ្លួន បានចាត់ថ្នាក់​អាចម៍ផ្កាយកៀក​ផែនដី ប្រមាណ​មួយ​ភាគបី​នៃចំនួន​ប៉ាន់ស្មាន​​សរុប​​ប្រហែល ២៥,០០០ដុំ ដែលមាន​មុខកាត់យ៉ាង​តិច ១៤០ម៉ែត្រ។ របាយការណ៍​ខាងលើ ក៏មាន​ដាក់​​គោល​ដៅ​​មួយ​ចំ​នួន រួមមានការ​បង្កើនសមត្ថភាព​ចាប់សញ្ញា NEO ការអភិវឌ្ឍ​បច្ចេកវិទ្យា​សម្រាប់បេសកកម្ម​បំផ្លាត និងទប់ស្កាត់​អាចម៍ផ្កាយ ព្រមទាំង​​បង្កើន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ផងដែរ៕