(ម៉ូស្គូ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរ៉ាហ្គាយ និងម្ចាស់ផ្ទះរុស្ស៊ី សុទ្ធតែបានកក់កៅអីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយនៃ FIFA World Cup 2018 លើកទី២១ នេះ បន្ទាប់ពីរកបានជ័យជម្នះ២ប្រកួតជាប់គ្នាក្នុងវគ្គសន្សំ ពិន្ទុនៃពូល A ស្របពេលអេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និងម៉ារ៉ុក ហាលអាវ ក្រោយចាញ់២ប្រកួតជាប់ៗគ្នា។

ក្រុមម្ចាស់ផ្ទះរុស្ស៊ី ជាក្រុមទី១ ដែលបានឈ្នះកៅអីឡើងទៅវគ្គបន្តមុនគេ និងក៏ជាក្រុមទី១ ដែលមានគ្រាប់ស៊ុតបញ្ចូលទី
ច្រើនជាងគេផងដែរ រហូតដល់ទៅ ៨គ្រាប់ និងរបូតវិញតែ១គ្រាប់ប៉ុណ្ណោះជាមួយនឹងការបំបាក់អារ៉ាប៊ីសាអូឌីត ៥-០ នៅថ្ងៃបើកឆាក World Cup 2018 នាថ្ងៃទី១៤ ខែមិថុនា មុនបំបាក់អេហ្ស៊ីប ៣-១ ទៀត ដើម្បីទទួលបាន ៦ពិន្ទុពេញ ឈរនៅកំពូលតារាងជាប់ប្រចាំពូល A។

ចំណែកក្រុមមកពីតំបន់អាមេរិកឡាទីន អ៊ុយរ៉ាហ្គាយ ដែលស្ថិតនៅលេខ២ នៃពូល A មាន៦ពិន្ទុដែរនោះ ទើបតែរកបាន ៣ពិន្ទុ ក្រោយយកឈ្នះអារ៉ាប៊ីសាអូឌីត ១-០ យប់មិញ ដែលជាជ័យជម្នះទី២ បន្ទាប់ពីយកឈ្នះអេហ្ស៊ីប ១-០ កាលពីថ្ងៃទី១៥ ខែមិថុនានោះ រកគ្រាប់ស៊ុតបញ្ចូលទីបាន ២គ្រាប់ និងមិនរបូតឡើយ។

ងាកទៅចាប់អារម្មណ៍សម្រាប់ពូល B ដែលបញ្ចប់ការប្រកួតក្នុងជុំទី២ នាយប់មិញនេះ ក្រុមខ្លាំងប្រចាំទ្វីបអឺរ៉ុប ព័រទុយហ្គាល់ និងអេស្ប៉ាញ សុទ្ធតែរកបាន ៣ពិន្ទុដូចគ្នា ក្នុងជ័យជម្នះ ១-០ ទៅលើគូប្រកួតរៀងៗខ្លួន ដែលជាការបាន ៣ពិន្ទុដំបូងផងដែរ ក្រោយស្មើគ្នា ៣-៣ កាលពីថ្ងៃបើកឆាកពូល B ថ្ងៃទី១៥ ខែមិថុនា។

អតីតម្ចាស់ជើងឯក Euro 2016 ព័រទុយហ្គាល់ បានទម្លាក់ក្រុមមកពីទ្វីបអាហ្រ្វិក ម៉ារ៉ុក (Morocco) ដោយលទ្ធផល ១-០ ពីការតែតបញ្ចូលទីដោយកីឡាករឆ្នើមលំដាប់ពិភពលោក Cristiano Ronaldo តាំងពីនាទីទី៤ មុនពេលកីឡាករខ្សែ ប្រយុទ្ធដូចគ្នា ដើមកំណើតប្រេស៊ីល Diego Costa បានស៊ុតគ្រាប់ជ័យជម្នះ ១-០ ទៅលើអ៊ីរ៉ង់នៅនាទីទី៥៣ នាយប់មិញនេះដូចគ្នា។

សូមបញ្ជាក់ជូនផងដែរថា រូបមន្តរបស់ FIFA ក្នុងការប្រកួត World Cup បន្ទាប់ពីបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល ៣២ក្រុម នឹងត្រូវធ្វើការប្រកួតខ្វែងពូលរវាងពូល និងពូល B និងជាបន្តបន្ទាប់ ដោយក្រុមលេខ១ ពូល A ត្រូវជួបក្រុមលេខ២ ពូល B ខណៈក្រុមលេខ១ ពូល B ត្រូវជួបក្រុមលេខ២ ពូល វិញចំពោះ ២ក្រុមមានពិន្ទុខ្ពស់ជាងគេ បន្ទាប់ពីឆ្លងកាត់៣ប្រកួត សន្សំពិន្ទុ៕