(ស្វីស)៖ ការិយាល័យ​អគ្គរដ្ឋអាជ្ញានៃប្រទេសស្វីស​ បានចេញដីកាជាតិ​ចាប់ខ្លួនសម្រាប់​អ្នកការទូតតួកគីពីរនាក់ ដែលត្រូវបានចោទប្រកាន់​ពីបទចាប់ជំរិត​ពាណិជ្ជករជនជាតិ​ស្វីសម្នាក់​នៅក្នុងប្រទេសតួកគី។ អភ័យឯក​សិទ្ធិការទូត​មិនត្រូវបានអនុវត្តន៍ ចំពោះបុគ្គល​ដែលត្រូវបានគេចោទ​ប្រកាន់ពីបទចារកម្ម​ផងដែរ។ នេះបើតាមការដ​កស្រង់​ការផ្សាយចេញពី​ សារព័ត៌មាន Swissinfo នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។

នៅពេលមាន​ហេតុការណ៍កើត​ឡើង​ បុរសទាំងពីរនាក់នេះ​បានធ្វើការនៅស្ថានទូត​តួកគីនៅទីក្រុង Bern។ បុរសម្នាក់​ធ្វើការជាអ្នក​កាសែត ហើយម្នាក់ទៀត​ជាលេខាធិការ​ស្ថានទូត ហើយបុរសទាំងពីរ​ខាងលើ លែងរស់​នៅក្នុងប្រទេសស្វីស​ទៀតហើយ។
ដំណើរការ​នីតិវិធីព្រហ្មទណ្ឌ​ ប្រឆាំងនឹងអ្នក​ការទូតពីរនាក់​ បានបន្តចាប់តាំងពី​ខែមីនា ឆ្នាំ ២០១៧ ដោយ​ក្រសួងការបរទេស​បាននិយាយ​កាលពីបីខែមុនថា ពួកគេនឹងមិនត្រូវ​បានផ្តល់អភ័យឯកសិទ្ធិ​ការទូតនោះទេ​ដោយសារការវិនិច្ឆ័យថា បទឧក្រិដ្ឋទាំងនោះ​មិនស្ថិតនៅក្នុង​ព្រំដែន នៃភារកិច្ចរបស់​ការទូត​នោះឡើយ។

ក្រុមអ្នកការទូត​ត្រូវបានគេចោទ​ប្រកាន់ជាពិសេស​ ពីការប្រមូលផ្តុំការស៊ើបការណ៍​សម្ងាត់នយោបាយ​សម្រាប់រដ្ឋមួយ​ផ្សេងទៀត និងបានព្យាយាម​ចាប់ជំរិតពាណិជ្ជករ​ជនជាតិស្វីស​ម្នាក់ ដែល​រស់នៅតួកគី។ បុរសដែលជា​ជនជាតិស្វីសនោះ ត្រូវបានគេ​សន្មតថា ជាអ្នកគាំទ្រចលនា​ហ្គូលឡិន ដែលរបបតួកគីនិយាយថា ជាអ្នកទទួលខុសត្រូវ​ចំពោះការប៉ុនប៉ង​ធ្វើរដ្ឋប្រហារ ដែលបានធ្វើឡើងនៅ​ក្នុងខែកក្កដា​ ឆ្នាំ២០១៦ ហើយការចាប់ជំរិតត្រូវបាន​គេប៉ុនប៉ង មួយខែបន្ទាប់ពី​រដ្ឋប្រហារ។

គួរបញ្ជាក់ថា ភ្នាក់ងារព័ត៌មាន​ស្វីសបាននិយាយកាល​ពីថ្ងៃចន្ទថា មន្រ្តីស្វីសបានបញ្ជាក់​យ៉ាងច្បាស់ដល់​អ្នកតំណាងតួកគីថា សកម្មភាពស៊ើបការណ៍​សម្ងាត់ប្រឆាំងនឹង​ក្រុម​ជនអន្តោប្រវេសន៍​តួកគីនៅក្នុងប្រទេសស្វីស​បែបនេះ គឺមិនអាចទទួល​យកបាន​ទេ៕

ប្រភព៖ Swissinfo