(កាប៊ុល)៖ ក្រុមឧទ្ទាម​តាលីបង់​បានផ្តាច់ជីវិត​​ កងកម្លាំងសន្តិសុខ​ចំនួន ៣០នាក់ នៅក្នុងសកម្មភាព​ឆ្មក់វាយប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យ​​ពីរ​​កន្លែង នៅខេត្ត បាដហ្គីស (Badghis) ភាគខាងលិច​នៃប្រទេស​អាហ្វហ្គានីស្ថាន ដែលនេះគឺ​ជាការវាយប្រហារ​ទ្រង់ទ្រាយធំ​លើកទីមួយ របស់ក្រុម​សកម្ម​ប្រយុទ្ធ​នេះ ចាប់តាំងតែ​ពីបទឈប់​បាញ់ អេដ ទ្រូស (Eid Truce) បានបញ្ចប់ទៅ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​សារព័ត៌មានរុស្ស៊ី Sputnik នៅ​រសៀលថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។

ក្រុមតាលីបង់បាន​ប្រកាសបទ​ឈប់បាញ់​រយៈពេល ០៣ថ្ងៃ សម្រាប់ទិវា​ឈប់សម្រាក​អ៊ីស្លាម អេដអាល់ហ្វីត (Eid al-Fitr) ក្រោយពី​ប្រធានាធិបតី​អាហ្វហ្គានី​ស្ថាន​លោក អាស្រាហ្វ ហ្គានី (Ashraf Ghani) កាលពី​ថ្ងៃទី០៧ ខែមិថុនា បានប្រកាស​បទឈប់បាញ់​ជាឯកតោភាគី សម្រាប់ថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមិថុនា​ ដើម្បីជាសញ្ញា​នៃការបញ្ចប់​ខែបួសរ៉ាម៉ាឌន​របស់សាសនិក​អ៊ីស្លាម។

គួរជម្រាបថា កាលពី​ថ្ងៃអាទិត្យកន្លង​ទៅនេះ ក្រុមតាលីបង់​បានប្រកាសថា ពួកគេនឹងត្រឡប់​មកបន្តធ្វើការវាយប្រហារ​ លើកងកម្លាំង​​រដ្ឋាភិបាលវិញ ទោះបីជាលោក Ghani បានពន្យារពេលបទឈប់បាញ់​របស់រដ្ឋាភិបាល​តែម្ខាង សម្រាប់រយៈពេល​១០ថ្ងៃទៀត​​ក៏ដោយ៕