(ម៉ូស្គូ)៖ ក្រុមបាល់ទាត់បញ្ចខែល ព័រទុយហ្គាល់ នឹងលេងក្នុងលក្ខខណ្ឌសងសឹកម៉ារ៉ុក នាម៉ោង ៧យប់ថ្ងៃពុធ ទី២០ ខែមិថុនាក្នុង World Cup 2018 នៅប្រទេសរុស្ស៊ី ក្រោយពួកគេធ្លាប់ចាញ់ស្ពឹកមុខ ៣-១ កាលក្នុង World Cup 1986 ដែលមានមិចស៊ិកធ្វើជាម្ចាស់ផ្ទះ។

ក្រុមដែលមានកីឡាករខ្សែប្រយុទ្ធសំខាន់ Cristiano Ronaldo ធ្លាប់ជួបក្រុមមកពីទ្វីបអាហ្វ្រិក ម៉ារ៉ុកតែម្តងគត់ក្នុងឆ្នាំ១៩៨៦ ជាមួយនឹងលទ្ធផលចាញ់ ៣-១ នៃយុទ្ធនាការ World Cup នៅប្រទេសមិចស៊ិក នឹងសំលឹងរកការសងសឹកវិញ និងរក៣ពិន្ទុផងដែរ ក្រោយឈរនៅលេខ៣ ប្រចាំពូល B បណ្តោះអាសន្ន បន្ទាប់ពីស្មើ ៣-៣ ចុងម៉ោងពេលជួបអេស្ប៉ាញនាថ្ងៃទី១៥ ខែមិថុនា។

ងាកមកចាប់អារម្មណ៍ក្រុមដែលកំពុងឈរនៅបាតតារាងនៃពូល B ម៉ារ៉ុក វិញ ពុំទាន់មានពិន្ទុរាប់នឹងគេទេ ក្រោយប្រកួត ចាញ់ក្រុមអាស៊ី អឺរ៉ង់ ១-០ ចុងម៉ោង ដែលធ្វើឲ្យក្រុមមួយនេះ ត្រូវបានធ្វើការធ្ងន់រាត្រីនេះ ដ្បិតត្រូវជួបក្រុមខ្លាំង ព័រទុយហ្គាល់ ដែលត្រូវការពិន្ទុជាចាំបាច់ មុនពេលអេស្ប៉ាញ ប៉ះក្រុមកំពូលតារាងអ៊ីរ៉ង់ នាម៉ោង ១រំលងអាធ្រាត្រឈាន ចូលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨៕