(ប៉េកាំង)៖ លោក គីម ជុងអ៊ុន បានប្រកាសជាថ្មីម្តងទៀតអំពីមិត្តភាព ក៏ដូចជាសាមគ្គីភាពនិងកិច្ចហសប្រតិបត្តិការដ៏រឹងមាំជាមួយទីក្រុង​​ប៉េកាំង នៅក្នុងអំឡុងដំណើរបំពេញទស្សនកិច្ចរបស់លោកជាលើកទីបី មកកាន់ប្រទេសចិន ដែលវាអាចចាត់ទុកថាជាការសម្តែងឲ្យ​ឃើញមួយពីភក្តីភាព​ចំពោះសម្ព័ន្ធមិត្តដ៏ធំរបស់លោកមួយនេះ នៅក្រោយជំនួបជាប្រវត្តិសាស្រ្តជាមួយប្រធានាធិបតីអាមេរិក កាលពី​​សប្តាហ៍មុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។

ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃខាងលើ ដែលនឹងបញ្ចប់នៅថ្ងៃពុធនេះ ត្រូវបានរៀបចំឡើងក្រោមគោលបំណង ផ្តល់ទំនុកចិត្តដល់រដ្ឋា​ភិបាលទីក្រុងប៉េកាំងថា ទីក្រុងព្យុងយ៉ាងនឹងមិនបោះបង់ចោលផលប្រយោជន៍របស់ចិននោះឡើយ ទោះបីជាលោក ដូណាល់ ត្រាំ និង លោក គីម ជុងអ៊ុន កំពុងឆ្ពោះទៅរកភាពប្រសើរឡើងនៃផ្នែកការទូតក៏ដោយក្តី។ ដំណើរទស្សនកិច្ចនេះ ក៏អាចចាត់ទុកថាជាការព្យាយាម​រក្សាតុល្យភាពរបស់លោក គីម ផងដែរ ដោយលោក គីម ត្រូវក្រុមអ្នកវិភាគមើលឃើញថា កំពុងព្យាយាមស៊ីសងផលប្រយោជន៍អាមេរិក​និងចិន ហើយស្របពេលជាមួយគ្នារក្សាទំនាក់ទំនងល្អជាមួយទីក្រុងប៉េកាំង ដែលជាខ្នងបង្អែកសេដ្ឋកិច្ចនិងជាអ្នកការពារផ្នែកការទូត​ដ៏​ធំ​របស់ខ្លួន។

នៅក្នុងដំណើរទស្សនកិច្ចនៅចិនលើកនេះ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង បានឲ្យដឹងថា លោក គីម ជុងអ៊ុន បានបង្ហាញពីការប្តេជ្ញា​ចិត្ត​និងឆន្ទៈ ដើម្បីបន្តអភិវឌ្ឍន៍ទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិដ៏ជិតស្និទ្ធរវាងប្រជាជននិងប្រទេសទាំងពីរ ឲ្យកាន់តែ​ប្រសើរឡើងទៅមុខថែមទៀត។ សម្រាប់លោក ស៊ី ជិនពីង បានប្រាប់លោក គីម វិញថា ចិនមានការកោតស្ញប់ស្ញែងជាខ្លាំង ចំពោះ​កិច្ចប្រជុំ​កំពូលរបស់លោកជាមួយលោក ត្រាំ ហើយលោក ស៊ី បានទទូចឲ្យទីក្រុងវ៉ាស៊ីនតោននិងទីក្រុងព្យុងយ៉ាង អនុវត្តន៍​កិច្ចព្រមព្រៀង​​របស់ខ្លួន ដែលបានធ្វើឡើងនៅសិង្ហបុរី។ លោក ស៊ី បានបញ្ជាក់ថា ចិននឹងនៅតែបន្តដើរតួនាទីស្ថាបនាយ៉ាងសំខាន់ ក្នុងបញ្ហាការទូតនុយក្លេអ៊ែរ​នេះ​។

គួរជម្រាបថា ទាំងចិននិងសហរដ្ឋអាមេរិក សុទ្ធតែមានក្តីសង្ឃឹមថាឧបទ្វីបកូរ៉េនឹងលែងមានអាវុធនុយក្លេអ៊ែរ ប៉ុន្តែទីក្រុងប៉េកាំងមានក្តីកង្វល់​ថា ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងព្យុងយ៉ាង ប្រហែលជាអាចឆ្ពោះទៅរកភាពជិតស្និទ្ធនឹងគ្នា ដោយវាគឺជាលទ្ធភាពមួយដែលចិនមើលឃើញ​ថាជាការគំរាមកំហែងចំពោះសេដ្ឋកិច្ចនិងផលប្រយោជន៍នៅក្នុងតំបន់របស់ខ្លួន។

ម៉្យាងវិញទៀត ទោះបីជានៅឯកិច្ចប្រជុំកំពូលថ្ងៃទី១២ ខែមិថុនា ចិនមិនបានមានវត្តមានក៏ដោយក្តី ទីក្រុងប៉េកាំង​បានឲ្យ​យន្តហោះរបស់ខ្លួន​​ជូន​លោក គីម ជុងអ៊ុន ដើម្បីធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដោយវាគឺជាសញ្ញាយ៉ាងច្បាស់មួយ បង្ហាញ​ថា​ចិន​នៅ​តែ​ជា​កម្លាំង​ចលករ​ដ៏​មាន​​ឥទ្ធិ​ពល​នៅ​ក្នុង​ល្បែង​ការ​ទូត​នេះ​ដដែល​។ ជាមួយគ្នានេះ សម្ព័ន្ធមិត្តទាំងពីរ ក៏បាន​និង​កំពុង​ព្យាយាម​ផ្សះ​ផ្សា​ទំនាក់​ទំនង​ដែល​បានជួប​បញ្ហា​ ដោយសារការធ្វើតេស្តនុយក្លេអ៊ែរ-មីស៊ីលរបស់ទីក្រុងព្យុងយ៉ាង និងការគាំទ្ររបស់ទីក្រុងប៉េកាំង ចំពោះ​ទណ្ឌកម្ម​របស់​អង្គ​ការ​សហ​ប្រជា​​ជាតិ ដែលដាក់ទៅលើកូរ៉េខាងជើងផងដែរ៕