(ស៊ីដនី)៖ វិទ្យាស្ថាន​ស្រាវជ្រាវផ្នែក​នយោបាយ Lowy Institute នៃប្រទេស​អូស្រ្តាលី បានឲ្យដឹងថា ជំនឿទុកចិត្ត​ទៅលើសហរដ្ឋអាមេរិក ​​បាន​ធ្លាក់ចុះដល់​កម្រិតបាតក្រោម​បំផុតមិន​ធ្លាប់មាន នៅក្នុង​ប្រវត្តិសាស្រ្ត​នៃការស្ទង់មតិ​របស់ខ្លួននោះឡើយ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញ​ពី​ ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។

ស្ថានប័ន​វិភាគឯករាជ្យ ដែលមានមូលដ្ឋាន​នៅទីក្រុង​ស៊ីដនី បានបញ្ជាក់ថា ប្រជាជន​អូស្រ្តាលីភាគ​ច្រើន មានទំនុកចិត្តតិច​តួចស្តួចស្តើង​​បំផុត​ ​ទៅលើ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បើតាមការ​ស្ទង់មតិ​របស់ខ្លួន។ បើតាមវិទ្យាស្ថាន​ដដែលនេះ ជាង៥០ភាគរយ​នៃអ្នកចូល​រួមស្ទង់មតិ មានការយល់​ឃើញថា ចិន​ឯណោះ​ទៅវិញទេ គឺជាមហាអំណាច​សេដ្ឋកិច្ចឈាន​មុខគេ ហើយ​​ពួក​គេ​​​ស្វាគមន៍​​​ដោយ​​រីករាយ ​​ដើម្បីមានចិន​​ធ្វើ​ជា​ដៃ​គូសេដ្ឋកិច្ច​​របស់​​​អូស្រ្តាលី​។

ជាមួយគ្នានេះ ​យោងតាមលទ្ធផល​ស្ទង់មតិដដែល កម្មវិធីនុយក្លេអ៊ែរ​របស់កូរ៉េខាងជើង និងអំពើភេរវកម្ម ត្រូវបានចាត់ទុកថា​ការគំរាម​កំហែង​ដ៏ធំមួយ ចំពោះផលប្រយោជន៍​ស្នូលរបស់​អូស្រ្តាលី នាពេលនេះ​និងនៅពេល​អនាគត៕