(អាមេរិក)៖ អង្គការ NASA បានឲ្យដឹងនា​ពេលថ្មីៗនេះថា ដុំថ្មអវកាស​តូចមួយ បានធ្លាក់ទៅ​បុកចំ​ភពអង្គារ (Mars) កាលពីមួយ​ទសវត្សរ៍មុន​។ នេះ​បើ​តាម​​ការដកស្រង់​ការ​ផ្សាយ​​ចេញពី​វែបសាយ Space.com នៅព្រឹក​ថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។

នាពេលថ្មីៗ​នេះ NASA បានបញ្ចេញរូបភាព​បង្ហាញពីរណ្តៅថ្មី​មួយ ត្រូវបានប្រទះឃើញ​ដោយ​​ផ្កាយរណប​នៅភពអង្គារ MRO ដែលទំនងជា​កកើតឡើង​ចេញពីការប៉ះទង្គិច​របស់អាចម៍ផ្កាយ នៅក្នុងអំឡុងពេល ១០ឆ្នាំមុន។ បើតាម​ទីភ្នាក់ងារ​អវកាស NASA រណ្តៅអាចម៍​ផ្កាយនេះ​​មានមុខកាត់តូច​ល្មមគឺត្រឹម ០៥ម៉ែត្រ ប៉ុណ្ណោះ។

គួរជម្រាបថា រណ្តៅខាងលើមាន​ទំហំតូចមែន ប៉ុន្តែស្លាកស្នាម​ដ៏ទៃទៀត ដែលអាចម៍​ផ្កាយនោះ បានបន្សល់ទុក​គឺមានទំហំធំ​ខ្លាំង។ នៅពេល​អាចម៍ផ្កាយ​ដែលបង្កជា​រណ្តៅនេះ បានទៅបុកចំ​ផ្ទៃភពអង្គារវាបានធ្វើឲ្យ​ទីជម្រាល​ដែលវាបុកបាត់​បង់ស្ថិរភាព ហើយបង្កជា​រលកធូលី ដី និងខ្សាច់ធ្លាក់ចុះពី​ទីជម្រាលនោះ។ ព្រឹត្តិការណ៍​បែបនេះ បានបន្សល់ទុកនូវស្នាម​ឆ្នូតពណ៌ខ្មៅ នៅពេញផ្ទៃ​របស់ភព​អង្គារ៕