(ហ្សឺណែវ)៖ ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ (UN) ទទួលបន្ទុក​សិទ្ធិមនុស្ស លោក ហ្សេដ រ៉ាអាដ អាល់ ហ៊ូស្សេន (Zeid Ra'ad Al Hussein) បានថ្លែងស្រដៀងគ្នាថា ការសម្រេចចិត្តដកខ្លួនចេញ​ពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN របស់សហរដ្ឋអាមេរិក គឺជារឿងគួរឱ្យ​សោកស្ដាយ តែមិនមាន​អ្វីគួរឱ្យភ្ញាក់​ផ្អើលនោះទេ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។

លោក Al Hussein បានគូស​បញ្ជាក់​នៅក្នុងសេចក្ដីថ្លែងការណ៍​នាយប់ថ្ងៃអង្គារ (ម៉ោងនៅ​ទីក្រុងហ្សឺណែវ) យ៉ាងដូច្នេះថា «ផ្អែកលើ​ស្ថានភាព​សិទិ្ធមនុស្ស​​នៅលើពិភពលោក​សព្វថ្ងៃ សហរដ្ឋអាមេរិក​គួរតែបោះ​ជំហានទៅមុខ មិនគួរបោះ​ជំហានថយក្រោយ​នោះទេ។ ចំណែកឯការសម្រេចចិត្ត​ដកខ្លួន ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN របស់​សហរដ្ឋអាមេរិក ក៏មិនមានអ្វីគួរ​ឱ្យភ្ញាក់​ផ្អើលដែរ តែវាគឺជា​រឿងមួយគួរឱ្យ​សោក​ស្ដាយ»

គួរជម្រាបថា លោកស្រី នីកគី ហាឡេយ៍ (Nikki Haley) អគ្គរដ្ឋទូតអាមេរិក​ប្រចាំ UN នៅថ្ងៃអង្គារ​សប្ដាហ៍នេះ បានប្រកាស​ដកសហរដ្ឋអាមេរិក​ ចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ដោយចោទថា ស្ថាប័នមួយនេះ​​មានភាព​លម្អៀង ពុតត្បត់ និងបម្រើតែ​ផល​ប្រយោជន៍​ខ្លួនឯង ព្រមទាំងអនុវត្តន៍ស្ដង់ដារពីរប្រឆាំង​នឹងអ៊ីស្រាអែល។

បន្ថែមពីលើនេះ ការប្រកានេះទៀតសោត ធ្វើឡើងតែមួយ​ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីឧត្ដម​ស្នងការទទួល​បន្ទុក​សិទ្ធិមនុស្ស UN លោក ហ្សេដ រ៉ាអាដ អាល់ ហ៊ូស្សេន (Zeid Ra'ad Al Hussein) បានចេញ​មុខថ្កោលទោល ចំពោះគោលនយោបាយ​គ្មានត្រាប្រណី​ លើជនអន្តោប្រវេសន៍ មកពីមិចស៊ីកូ​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែលបាន​បំបែកបំបាក់​កុមារជាង ២,០០០នាក់ ចេញពី​ឪពុកម្ដាយ​របស់ពួកគេ​ដែលត្រូវបានអាជ្ញាធរ​អាមេរិក​ចាប់ឃុំខ្លួន៕