(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិកពីររូប​បានឱ្យដឹងថា កូរ៉េខាងជើង​អាចនឹង​ចាប់ផ្ដើមនីតិវិធី​ប្រគល់អដ្ឋិធាតុទាហានអាមេរិក ​ដែលស្លាប់​ចោលឆ្អឹង​នៅក្នុងសង្រ្គាម​កូរ៉េ ត្រឡប់មកកាន់​ទីក្រុង​វ៉ាស៊ីតតោន នៅរយៈពេល​ពីរថ្ងៃខាង​មុខនេះ។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២០ ខែមិថុនា ឆ្នាំ២០១៨។

ថ្លែងនៅក្នុង​លក្ខខណ្ឌមិន​បញ្ចេញឈ្មោះ មន្ត្រីអាមេរិក​ទាំងពីររូប​ខាងលើ​បានប្រាប់ Reuters​ ថា​កូរ៉េខាងជើងអាច​នឹងប្រគល់ អដ្ឋិធាតុទាហាន​អាមេរិកទៅឱ្យ​ទីបញ្ជាការ​អង្គការ​សហប្រជាជាតិ​​ប្រចាំនៅប្រទេសកូរ៉េខាងត្បូង មុននឹងអដ្ឋិធាតុ​ទាំងនេះ​ ត្រូវបញ្ជូនបន្ត​ទៅកាន់មូលដ្ឋានទ័ព​អាកាស ហ៊ីកខាំ (Hickam) ក្នុងរដ្ឋហាវ៉ៃ។

ប៉ុន្តែព្រមពេលជាមួយគ្នា មន្ត្រីទាំងពីររូបនេះមិនបានបញ្ជាក់ពីចំនួនសាកសពឡើយ ដោយ គ្រាន់តែអះអាងថា អាចនឹងប្រើពេលជាច្រើនខែ ឬជាច្រើនឆ្នាំ ក្នុងការបញ្ជាក់​អត្តសញ្ញាណ នៃសាកសព។

គួរជម្រាបថា បើតាមទិន្នន័យ​របស់យោធាអាមេរិក ទាហានអាមេរិក​ច្រើនជាង ៣៦,៥០០នាក់ បានសម្លាប់​នៅក្នុង​សង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០-​១៩៥៣) រីឯកូរ៉េខាងជើងវិញ​មានអដ្ឋិធាតុកងទ័ពអាមេរិក ២០០នាក់ នៅក្នុងដៃ ហើយការប្រគល់​អដ្ឋិធាតុ​ទាហាន​អាមេរិក​មួយចំនួនលើកចុងក្រោយ ត្រូវបានធ្វើ​ឡើងកាលពីឆ្នាំ២០០៧ នៅពេលដែល​អភិបាលរដ្ឋ ញូម៉ិចស៊ីកូ (New Mexico) លោក ប៊ៀល រីឆាដសុន (Bill Richardson) បំពេញទស្សនកិច្ច​ទៅកាន់ទីក្រុង​ព្យុងយ៉ាង៕