(អង់ការ៉ា)៖ ផែនការ​របស់ប្រធានាធិបតីតួកគី លោក តាយីប អឺដូហ្គាន់ (Tayyip Erdogan) ក្នុងការបញ្ជ្រាប​សាសនាក្នុងផ្នត់គំនិត​យុវវ័យជំនាន់ក្រោយ កំពុងបង្កភាព​ចម្រូង​ចម្រាស​​​ក្នុងចំណោមឪពុក​ម្តាយនានា ខណៈដែល​មេដឹកនាំ​រូបនេះ កំពុងព្យាយាម​ស្វែងរកជ័យ​ជម្នះ នៅក្នុងការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​​​តួកគី ដែលនឹងប្រព្រឹត្ត​ទៅនាថ្ងៃអាទិត្យ​សប្តាហ៍នេះ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីសារព័ត៌មាន New York Times នៅល្ងាច​ថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។

សាលារៀន​នានារបស់រដ្ឋ កំពុងត្រូវបានបិទទ្វារ​ជាបន្តបន្ទាប់ដោយមាន ឬក៏ពុំមានសោះតែម្តងនូវ​ការជូនដំណឹង​ជាមុន ហើយកំពុងតែត្រូវ​ជំនួសមកវិញ​ដោយសាលា​បង្រៀន​សាសនា។ ការប្រឡង​ជ្រើសរើស​សមត្ថភាព ក៏ត្រូវបានលុបបំបាត់​ចោលថែមទៀត តាមតែ​ចិត្ត​​របស់​លោក​ប្រធានាធិបតីតួកគី។ ​មន្រ្តីរាជការជា​គ្រូបង្រៀនរាប់ម៉ឺននាក់ ត្រូវបានបញ្ឈប់​ពីការងារ ខណៈក្រុមសាសនា​មកពីខាងក្រៅ កំពុង​បង្រៀន​នៅតាមសាលា ដោយមិនមាន​ការអនុញ្ញាតពីឪពុក​ម្តាយ​សិស្ស។

ការប្រជែងគ្នា​ដើម្បីកំណត់ពីអនាគត​ នៃមនុស្សជំនាន់ក្រោយ នៅក្នុងប្រទេសតួកគី បានក្លាយជា​បញ្ហាដ៏ធំមួយ សម្រាប់ប្រធានាធិបតី​តួកគី លោក Tayyip Erdogan ដោយសារ​តែលោក កំពុងព្យាយាមដើម្បីអាចជាប់​ឆ្នោតជាថ្មីម្តងទៀត នៅថ្ងៃអាទិត្យខាងមុខនេះ។ គូបដិបក្ខ​របស់លោក មាន​ក្តីព្រួយបារម្ភថា ការទទួលជ័យ​ជម្នះក្នុងការបោះឆ្នោត​សម្រាប់អាណត្តិថ្មី ដែលទើប​ត្រូវបានបង្កើន​អំណាច តាមរយៈការធ្វើវិសោធនកម្ម​​រដ្ឋ​ធម្មនុញ្ញកាលពីឆ្នាំទៅ នឹងផ្តល់ឲ្យលោក Erdogan ក៏សិទ្ធិអំណាចខ្ពស់​កប់ពពក ដើម្បីសម្រេច​គោលបំណង​របស់លោកបាន​កាន់តែច្រើន ​ព្រមទាំងអាចកែ​ប្រែសង្គមតួកគី​ទាំងមូល។

គួរជម្រាបថា វិស័យអប់រំនៅតួកគី បានក្លាយជា​បញ្ហាចម្បងមួយ ខណៈមាតាបិតា​សិស្សា នៅទូទាំងប្រទេស កំពុងព្យាយាម​ប្រឆាំងតវ៉ានឹង​ផ្លាស់ប្តូររបស់​លោក ហើយនាំគ្នាតស៊ូស្វែងរក​សាលារៀនដែល​ពួកគេចង់បាន ខណៈដែលស្តង់ដា​អប់រំធ្លាក់ចុះ និងភាពអត់ការងារ​ធ្វើមាន​ការកើនឡើង។ បញ្ហាដ៏ចម្រូងចម្រាស​បំផុតនោះ គឺការជំរុញពុះពារ​របស់លោក Erdogan ក្នុងការពង្រីក​ការប្រៀនប្រដៅ​សាសនា នៅក្នុងរបៀបដែលធ្វើ​ឲ្យអ្នកគាំទ្ររបស់​លោកត្រេកអរ តែបង្កក្តីព្រួយបារម្ភ​ដល់អ្នករិះគ​ន់រូបលោក៕