(បាងកក)៖ បុរសជាឃាតក​ជនជាតិថៃម្នាក់ ត្រូវបានតុលាការកាត់​ទោសប្រហារជីវិត ​ដោយការចាក់ថ្នាំ​នៅឯពន្ធនាគារ​មួយកន្លែងក្នុង​ប្រទេសថៃ ដែលនេះគឺជា​ការកាត់ទោស​ប្រហារជីវិត លើកដំបូងបំផុត​ក្នុងរយៈពេលជាង​ ០៩ឆ្នាំមកនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់​ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។

អ្នកទោស​ឈ្មោះ ធារ៉ាសាក់ ឡុងជី (Theerasak Longji) មានអាយុ ២៦ឆ្នាំ ត្រូវបាន​សាលាឧទ្ធរណ៍ និងតុលាការ​កំពូលថៃ ផ្តន្ទាទោស​ប្រហារ​ជីវិតពីបទ
ឧក្រិដ្ឋសាហាវ​ព្រៃផ្សៃក្នុងអំពើ​ប្លន់មួយ ដោយជនរូបនេះបានចាក់សម្លាប់​​ជនរងគ្រោះ ២៤កាំបិត ដើម្បីប្លន់យក​ទូរស័ព្ទដៃ iPhone និងកាបូប​លុយកាលពី ឆ្នាំ២០១២។ ប៉ុន្តែ​រហូតដល់ថ្ងៃចន្ទ​សប្ដាហ៍នេះ ទើប Theerasak ត្រូវគេកាត់ទោស​ប្រហារជីវិត​ដោយការចាក់ថ្នាំ​សម្លាប់ និងប្រើ ពេល​ដល់ទៅ ០៣ម៉ោង។

ក្រសួងយុត្តិធម៌ថៃ​បានចេញច្បាប់​មួយ ស្ដីពីការកាត់​ទោសប្រហារជីវិត​ដោយការចាក់ថ្នាំ​នៅឆ្នាំ២០០៣ ជំនួសការប្រហារ​ជីវិតដោយ​បាញ់សម្លាប់។ ចំណែកឯ Theerasak គឺជាឧក្រិដ្ឋជនទី ៧ ដែលត្រូវបានកាត់ទោស​ប្រហារជីវិតដោយ​ការចាក់ថ្នាំ ចាប់​តាំងពីវិធី​សាស្ត្រនេះ​ត្រូវបានដាក់ចេញ​ឱ្យអនុវត្តន៍។

គួរបញ្ជាក់ថា បើតាមក្រសួង​យុត្តិធម៌ថៃ តុលាកាថៃបាន​កាត់ទោសប្រហារជីវិត​អ្នកទោស ៣២៥នាក់ គិតចាប់តាំង​ពីឆ្នាំ១៩៣៥មក ហើយក្នុងចំណោម​ពួកគេមាន ៣១៩នាក់ ត្រូវកាត់ទោស​ដោយបាញ់​សម្លាប់៕